Report Corruption by phone 092/069/060 57 87 87 Report Online

បទពិសោធន៍បោះជំរំ ជាមួយអង្គការ​តម្លាភាព​កម្ពុជា

សរសេរដោយ៖ កញ្ញា តាង ស៊ីវហ្គេច, អ្នកចូលរួមកម្មវិធីបោះជំរំ ស្រ្តី និងយុវជន ឆ្នាំ២០១៩ 

វាស្តាប់ទៅដូចជារឿងមនោសញ្ចេតនា តែនេះវាគឺជាការពិត។ ទទួលបានឱកាសចូលរួម នៅក្នុងកម្មវិធីបោះជំរំពង្រឹងភាពជាអ្នកដឹកនាំស្រ្តី និងយុវជន ឆ្នាំ២០១៩ ក្រោមប្រធានបទ៖ ពង្រឹងសមត្ថភាពស្រ្តី និងយុវជនដើម្បីតម្លាភាព និងគណនេយ្យភាព នៅខេត្តរតនគិរី របស់អង្គការតម្លាភាពកម្ពុជា គឺជាបទពិសោធន៍មួយដែលមិនធ្លាប់មាន នៅក្នុងជីវិតរបស់ខ្ញុំ។ សម្រាប់ខ្ញុំ វាគឺជាដំណើរផ្សងព្រេងមួយដែលបង្កប់នូវភាពសប្បាយរីករាយ និងទុក្ខសោកនៅលាយឡំគ្នា។

រហូតមកដល់ពេលនេះ ខ្ញុំនៅតែចងចាំនូវថ្ងៃដំបូងដែលខ្ញុំធ្វើដំណើរចាកចេញ ឆ្ពោះទៅកាន់ ទីតាំងបោះជំរំ ដែលមានចម្ងាយជិត ៦០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ នៅវេលាម៉ោង ៥:៤៥ នាទីព្រឹក។ ចាំបានថា នៅពេលនោះ ខ្ញុំអង្គុយនៅក្នុងរថយន្តក្រុង ជាមួយនឹងមនុស្សមិនធ្លាប់ស្គាល់គ្នាពីមុន ជាច្រើននាក់ ហើយពួកយើង ធ្វើដំណើរឆ្ពោះទៅកាន់ទិសដៅតែមួយ។ ខ្ញុំមិនបាននិយាយអ្វីច្រើនឡើយ នៅថ្ងៃចេញដំណើរទៅខេត្តរតនៈគិរីនោះ។

ខ្ញុំបានញញឹមដាក់ស្ទើរគ្រប់គ្នា នៅលើរថយន្តក្រុង។ ការធ្វើដំណើររយៈពេលជាង ១២ ម៉ោង ធ្វើឱ្យខ្ញុំអស់កម្លាំង និងឃ្លានជាខ្លាំង។ នៅពេលដែលពួកយើងដំណើរទៅដល់គោលដៅ ការងារដំបូងដែលពួកយើងធ្វើនោះគឺ បញ្ចូលថាមពលរបស់ពួកយើងឡើងវិញ ដោយការបរិភោគអាហារពេលល្ងាចដ៏ធំមួយជុំគ្នា។ បន្ទាប់ពីអាហារពេលល្ងាចរួច ពិធិករ បានហៅឱ្យអ្នកចូលរួម ជួបជុំគ្នា ហើយឈរជារង្វង់ ហើយនេះចំណុចចាប់ផ្តើមនៃកម្មវិធីបោះជំរំ នាពេលយប់។

នៅថ្ងៃបន្ទាប់ ហើយក៏ជាថ្ងៃដំបូងដែលខ្ញុំមានឱកាសទទួលបានចំណេះដឹងថ្មីៗជាច្រើន ដែលខ្ញុំមិនធ្លាប់ដឹងពីមុនមក។ វគ្គដំបូង ដែលខ្ញុំបានរៀននោះ គឺភាពជាអ្នកដឹកនាំ និងវគ្គចែករំលែកអំពី អភិបាលកិច្ចល្អ ហើយប្រធានបទទាំងនេះ ពិតជាថ្មីមែនទែនសម្រាប់ខ្ញុំ ហើយធ្វើឱ្យខ្ញុំ ទទួលបានគំនិតខ្លះៗថាតើអ្វីទៅគឺជា អភិបាលកិច្ចល្អ។ ជាងនេះទៅទៀត ប្រធានបទស្តីពីភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អនេះ បានជម្រុញឱ្យខ្ញុំ យល់ដឹងកាន់តែច្រើនបន្ថែមទៀត អំពីដំណាក់កាលនៃអភិបាលកិច្ចល្អ។  នៅពេលរសៀលថ្ងៃដដែលនោះ ហើយក៏ជាពេលវេលាដែលខ្ញុំចូលចិត្តដែរ គឺជាវគ្គចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមនានានៅក្នុងអាជីព របស់ស្រ្តីចំនួន ៤ រូប ដែលមកពីវិស័យផ្សេងគ្នាៗ។ ខ្ញុំពេញចិត្ត ដែលបានស្តាប់រឿងរ៉ាវរបស់ពួកគាត់ ជាពិសេស ការប្តេជ្ញាចិត្តរបស់ពួកគាត់ ហើយធ្វើតាមចំណង់ចិត្តរបស់ខ្លួន។ ខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលបានជួបវាគ្មិន ហើយសាកសួរពួកគាត់ដោយផ្ទាល់ នូវសំណួរដែលខ្ញុំចង់ដឹង។