ការប្រកួតជជែកដេញដោល៖ ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន
សេចក្ដីប្រកាសព័ត៌មាន
រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១៖ អង្គការតម្លាភាពកម្ពុជាបានរៀបចំការប្រកួតជជែកដេញដោលវគ្គផ្តាច់ព្រ័ត្រ ជុំវិញប្រធានបទ៖ “ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន”។ ការប្រកួតជជែកដេញដោលនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីការផ្តល់សេវាសាធារណៈ និងគណនេយ្យភាពថវិកានៅថ្នាក់មូលដ្ឋាន ក៏ដូចជាបង្កើតបរិយាកាស លើកកម្ពស់ និងពង្រឹងសិទ្ធិអំណាចយុវជន ជាពិសេសស្ត្រីវ័យក្មេង ក្នុងការចូលរួមវិភាគ ពិភាក្សាទៅលើការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ ដើម្បីជំរុញឱ្យមានការរីកចម្រើនក្នុងការផ្តល់សេវាសាធារណៈនៅប្រទេសកម្ពុជា។
កម្មវិធីប្រកួតជជែកដេញដោលរវាងយុវជននេះ ទទួលបានការចូលរួមពីនិស្សិតចំនួន ២៦ក្រុម មកពីសាលកវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ។ ក្រុមនីមួយៗមានសមាជិកចំនួន ៤រូប និងមានស្ត្រីយ៉ាងតិច៥០ភាគរយ ហើយបេក្ខជនដែលចូលរួមការប្រកួតជជែកដេញដោលសរុបមានចំនួន ១០៤រូប។ ការប្រកួតជជែកដេញដោលត្រូវបានរៀបចំឡើងចំនួន ៥វគ្គ រួមមាន៖ វគ្គជម្រុះជុំទី១ វគ្គជម្រុះជុំទី២ វគ្គជម្រុះជុំទី៣ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ក្នុងរយៈពេលជាង ៤ខែ គិតចាប់ពីខែតុលា ឆ្នាំ២០២០ ដល់ខែកុម្ភៈ ឆ្នាំ២០២១។ ក្រុមជជែកដេញដោលត្រូវបានវិនិច្ឆ័យ និងដាក់ពិន្ទុដោយគណៈកម្មការដែលមានសមាសភាពមកពីស្ថាប័នអប់រំ ស្រាវជ្រាវ អង្គភាពរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ដែលពោពេញទៅដោយបទពិសោធន៍ និងជំនាញទៅលើប្រធានបទ។ ការជជែកដេញដោលនេះ ត្រូវបានវាយតម្លៃស្របតាមលក្ខណៈវិនិច្ឆ័យដូចជា៖ ការរៀបចំ និងភាពច្បាស់លាស់ ការប្រើប្រាស់ទឡ្ហីករណ៍ ការប្រើអំណះអំណាងវាយបកទៅក្រុមម្ខាងទៀត និងបែបបទនៃការនិយាយ។ យុវជនចំនួន ៤ក្រុមបានបន្តដំណើរដល់វគ្គផ្ដាច់ព្រ័ត្រដើម្បីប្រជែងយកជ័យលាភីលេខ១ លេខ២ លេខ៣ និងជ័យលាភីលេខ៤។ បន្ថែមពីលើរង្វាន់ដែលទទួលបាន ក្រុមយុវជនដែលទទួលបានជ័យជំនះក៏នឹងមានឱកាសក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ទៅកាន់យុវជន និងនិស្សិតផ្សេងទៀតនៅតាមបណ្ដាខេត្ត ក៏ដូចជាចូលរួមហាត់ការជាមួយអង្គការតម្លាភាពកម្ពុជាផងដែរ។
ប្រធានបទយ៉ាងតិចចំនួន ២៩ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន ត្រូវបានលើកយកមកជជែកដេញដោលក្នុងកម្មវិធីនេះ។ ប្រធានបទទាំងនោះរួមបញ្ចូល ការផ្តល់សេវាសាធារណៈប្រកបដោយបរិយាបន្ន និងគណនេយ្យភាព ក៏ដូចជាតម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងថវិកានៅថ្នាក់ក្រោមជាតិ។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា៖ “ខណៈ ដែលរាជរដ្ឋាភិបាលបន្តខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ជាច្រើន ក្នុងគោលបំណងពង្រឹងការផ្តល់សេវាសាធារណៈ រួមមានកំណែទម្រង់រដ្ឋបាលសាធារណៈ ហិរញ្ញវត្ថុសាធារណៈ និងអភិបាលកិច្ច ការចូលរួមរបស់សាធារណជន ជាពិសេសយុវជន ក្នុងការពិភាក្សាទៅលើការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ ពិតជាមានសារៈសំខាន់ ដើម្បីធានាឱ្យបាននូវការផ្តល់សេវាសាធារណៈប្រកបដោយបរិយាបន្ន និងគណនេយ្យភាព។” លោកបន្តទៀតថា៖ “ការប្រកួតជជែកដេញដោលនេះ ក៏ជាវេទិកាមួយសម្រាប់យុវជនធ្វើការពិភាក្សា វែកញែក និងលើកឡើងនូវគោលនយោបាយ និងអនុសាសន៍ ដើម្បីជំរុញឱ្យការផ្តល់សេវាសាធារណៈកាន់តែប្រកបដោយការឆ្លើយតប បរិយាបន្ន និងគណនេយ្យភាពនៅក្នុងប្រទេស។”
កម្មវិធីប្រកួតជជែកដេញដោលរវាងយុវជននេះ ត្រូវបានរំពឹងថានឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់សិស្ស-និស្សិតផ្សេងទៀតដែលបានចូលរួមទស្សនាដោយផ្ទាល់ក្នុងកម្មវិធីនេះ។ ដោយឡែក អ្នកផ្សេងទៀតក៏អាចទទួលបានចំណេះដឹង និងស្វែងយល់បន្ថែមទៀតអំពី ការផ្តល់សេវាសាធារណៈ គណនេយ្យភាពថវិកា ព្រមទាំងជំនាញក្នុងការជជែកដេញដោល តាមរយៈការផ្សាយផ្ទាល់លើទំព័របណ្តាញសង្គមរបស់អង្គការតម្លាភាពកម្ពុជាផងដែរ។ ការប្រកួតជជែកដេញដោលនេះត្រូវបានធ្វើឡើងក្រោមគម្រោង ពង្រឹងសិទ្ធិអំណាចស្រ្តីវ័យក្មេង ក្នុងការសម្រេចចិត្ត និងការជំរុញឱ្យការផ្តល់សេវាសាធារណៈកាន់តែមានគណនេយ្យភាព ក្រោមការគាំទ្រមូលនិធិពីសហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត៕
###
សម្រាប់ទំនាក់ទំនងធ្វើបទសម្ភាស៖
លោក អ៊ឹម នរិន្ទ នាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា
ទូរស័ព្ទលេខ (៨៥៥) ១២ ៧១៣ ៣៣០ ឬអ៊ីមែល norinim@ticambodia.org។
សេចក្ដីប្រកាសព័ត៌មានជាភាសាខ្មែរ សូមចុចទីនេះ
សេចក្ដីប្រកាសព័ត៌មានជាភាសាអង់គ្លេស សូមចុចទីនេះ
This post is also available in: អង់គ្លេស