Report Corruption by phone 092/069/060 57 87 87 Report Online

សេចក្តីថ្លែងការណ៍ជាបឋមអំពីដំណើរការនៃ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧

សេចក្តីថ្លែងការណ៍ជាបឋមអំពីដំណើរការនៃ

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧

រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧

សេចក្ដីសង្ខេប

នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ អង្គការតម្លាភាពកម្ពុជាបានដាក់ពង្រាយអ្នកសង្កេតការណ៍ចំនួន១,០៥១នាក់ ដែលបានទទួលការបណ្តុះបណ្តាល និងមិនប្រកាន់និន្នាការនយោបាយ។ ការដាក់ពង្រាយ នេះរួមបញ្ចូលទាំងអ្នកគ្រប់គ្រងចំនួន ៣៥នាក់ អ្នកសង្កេតការណ៍ចំនួន ៨២២នាក់ ទៅតាមការិយាល័យ បោះឆ្នោតចំនួន ៤១១ការិយាល័យ ទូទាំង២៥ខេត្ត និងរាជធានី ដែលជាតំណាងនៃសំណាកដែលត្រូវ បានជ្រើសរើសតាមវិធីសាស្រ្តស្ថិតិសម្រាប់ ការសង្កេតការណ៍តាមសំណាកគំរូវិទ្យាសាស្រ្តស្ថិតិ (Sample Based Observation—SBO)។ អ្នកសង្កេតការណ៍ចំនួន ២០០នាក់ទៀតត្រូវបានដាក់ពង្រាយដើម្បីសង្កេតការណ៍នៅការិយាល័យបោះឆ្នោតចំនួន ១០០ការិយាល័យ ក្នុងឃុំ សង្កាត់ចំនួនបី នៅក្នុងរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តសៀមរាប។ ការសង្កេតការណ៍តាមសំណាកគំរូវិទ្យាសាស្រ្តសិ្ថតិ គឺជាវិធីសាស្រ្តមួយដ៏មានប្រសិទ្ធភាព ហើយត្រូវបានគេប្រើនៅទូទាំងពិភពលោកសម្រាប់ធ្វើការវាយតម្លៃលើដំណើរការបោះឆ្នោត ដោយឈរលើស្ថិតិដែលអនុញ្ញាតិឱ្យអ្នកសង្កេតការណ៍បោះឆ្នោតធ្វើការវាយតម្លៃមួយដែលមានភាពត្រឹមត្រូវ និងពេញលេញទៅលើដំណើរការថ្ងៃបោះឆ្នោត។

ចាប់តាំងពីឆ្នាំ២០០២ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ជាទៀងទាត់បានក្លាយជាផ្នែកមួយយ៉ាងសំខាន់នៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ ការបោះឆ្នោតនេះអាចធានាបានថាពលរដ្ឋអាចអនុវត្ត សិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសអ្នកដឹកនាំនៅមូលដ្ឋានរបស់ខ្លួន។ សុចរិតភាពនៃជម្រើសរបស់ប្រជាពលរដ្ឋ អាស្រ័យទៅលើសុចរិតភាពនៃដំណើរការបោះឆ្នោត និងបរិបទនយោបាយរបស់ប្រទេស។

ដោយផ្អែកលើការរកឃើញពីការសង្កេតការណ៍របស់អង្គការតម្លាភាពកម្ពុជា នៅថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ ការបោះឆ្នោតបានប្រព្រឹត្តទៅក្នុងលក្ខណៈសន្តិភាព មានប្រសិទ្ធភាព និងមានតម្លាភាព។ ការបោះឆ្នោតនេះបានអនុវត្តតាមនីតិវិធីនៃការបោះឆ្នោតទាំងអស់ហើយបានប្រព្រឹត្តទៅដោយគ្មានការរំខានធំដុំ ទោះបីជាមានភាពមិនប្រក្រតីតិចតួចបានកើតឡើងក៏ដោយ។ ប៉ុន្តែបរិយាកាសមុនពេលបោះឆ្នោតរួមមាន ការដាក់សម្ពាធខាងផ្លូវច្បាប់លើសង្គមស៊ីវិល និងគណបក្សនយោបាយ និង វោហាសាស្រ្តដែលរំលេចការគំរាមកំហែងអាចធ្វើឱ្យប៉ះពាល់ដល់បរិយាកាសនៃការបោះឆ្នោត ទោះតិច ឬច្រើន។

បរិបទមុនការបោះឆ្នោត

ចាប់តាំងពីការបោះឆ្នោតជាតិនៅឆ្នាំ២០១៣ រហូតដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧នេះ គេបានកត់សម្គាល់ឃើញមានការកើនឡើងនូវបរិយាកាសតានតឹងក្រោមសម្ពាធផ្លូវច្បាប់មកលើសង្គមស៊ីវិល និងគណបក្សនយោបាយ។ សម្ពាធទាំងនេះជះឥទ្ធិពលអវិជ្ជមានមកលើសកម្មភាពរបស់អង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងនានានៅក្នុងប្រទេសកម្ពុជា។

នៅឆ្នាំ២០១៥ ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបានចូលជាធរមានដែលតម្រូវឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្ដរជាតិទាំងអស់ចុះបញ្ជីជាការចាំបាច់។ ច្បាប់នេះក៏បានផ្តល់សិទ្ធិអំណាចយ៉ាងទូលំទូលាយដល់អជ្ញាធរក្នុងការអនុញាតអោយអង្គការណាមួយមានឈ្មោះក្នុង បញ្ជី។

នៅឆ្នាំ២០១៧ ច្បាប់ស្តីពីគណបក្សនយោបាយឆ្នាំ១៩៩៧ត្រូវបានធ្វើវិសោធនកម្មដោយបានផ្តល់សិទ្ធិអំណាចយ៉ាងទូលំទូលាយដល់រដ្ឋអំណាចក្នុងការព្យួរ និងរំលាយសកម្មភាពរបស់គណបក្ស នយោបាយណាមួយដែលត្រូវបានមជ្ឈដ្ឋាននានាយល់ថាផ្ទុយនឹងស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់នានានៃ ព្រះរាជាណាចក្រកម្ពុជា។ វិសោធនកម្មទាំងនោះក៏មានអនុភាពដើម្បីរារាំងបុគ្គលដែលជាទណ្ឌិតជាប់ទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬពីបទមជ្ឈឹមដោយគ្មានការព្យួរទោស មិនឱ្យក្លាយជាថ្នាក់ដឹកនាំគណបក្ស   នយោបាយ។ វិសោធកម្មត្រូវបានអនុម័តបន្ទាប់ពីការកាត់ទោសមេដឹកនាំគណបក្សប្រឆាំងជាបន្តបន្ទាប់។ ទាំងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ទាំងវិសោធនកម្មនៃច្បាប់ស្តីពីគណបក្ស នយោបាយបានទទួលរងការរិះគន់ពីអង្គការសង្គមស៊ីវិល និងសហគមន៍អន្តរជាតិ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ និងបង្កើនការរឹតបន្តឹងលើសេរីភាព។

ដំណើរការនៃការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ បានចាប់ផ្តើមនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ និងបានបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីមានការពន្យាពេលចុះឈ្មោះចំនួនមួយថ្ងៃ។ លទ្ធផលនៃការចុះឈ្មោះបោះឆ្នោតសរុប មានប្រជាជនចំនួន ៧,៨៧លាននាក់ នៃពលរដ្ឋចំនួន ៩,៦លាននាក់ ដែលមានសិទ្ធិបោះឆ្នោតសរុបបានចុះឈ្មោះបោះឆ្នោតនៅក្នុងរយៈពេលបីខែ ដែលស្មើនឹង ៨១,៤៧% នៃចំនួនប្រជាជនដែលមានសិទ្ធិបោះឆ្នោតសរុប។ សំណើសុំពន្យាពេលបន្ថែមទៀត ដើម្បីចុះឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតដែលនៅសល់ត្រូវបានបដិសេធដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោតដោយមូលហេតុ បច្ចេកទេស។ ប្រព័ន្ធសម្រាប់ការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មី និងទំនើបត្រូវបានប្រើប្រាស់ ដើម្បីកាត់បន្ថយការលួចបន្លំ ឈ្មោះស្ទួន និងការលុបបំបាត់បញ្ហាបាត់ឈ្មោះអ្នកបានចុះឈ្មោះបោះឆ្នោត។ យោងតាម គណៈកម្មាការធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ប្រព័ន្ធនេះត្រូវបានវាយតម្លៃថាជាឧបករណ៍ដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់បម្រើការចុះឈ្មោះបោះឆ្នោត ដែលមានភាពត្រឹមត្រូវ និងប្រកបដោយជោគជ័យ។

គណបក្សនយោបាយបានប្រើប្រាស់ពេលចន្លោះប្រហោង ពីថ្ងៃប្រកាសបញ្ជីបេក្ខជនជាផ្លូវការ និងថ្ងៃចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីធ្វើសកម្មភាពដែលគ.ជ.បប្រកាសថាស្ថិតនៅក្រៅសិទ្ធិ អំណាចរបស់ខ្លួន។

មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជាផ្លូវការ គណបក្សប្រឆាំងបានទទួលរងសម្ពាធ បន្ទាប់ពីចេញពាក្យស្លោក ដែលត្រូវបានចាត់ទុកថាមានចរិកញុះញុង ហើយថ្នាក់ដឹកនាំរបស់ពួកគេត្រូវបានចាត់ទុកថាមិនមានសុពលភាព បន្ទាប់គណបក្សនេះបរាជ័យក្នុងការអនុលោមតាមនីតីវិធីសមស្របនៃការជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន ផ្អែកលើលក្ខន្តិកៈផ្ទៃក្នុងដែលតម្រូវដោយច្បាប់ស្ដីពីគណបក្សនយោបាយ។ ទោះបីជាវោហាសាស្រ្តទាក់ទងនឹងពាក្យស្លោក មានគោលដៅវាយប្រហារចំពោះតែគណបក្សប្រឆាំងក៏ដោយ ក៏ការធ្វើដូចនេះបានប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិ។

ជារួម រយៈពេលបោះឆ្នោត ភាគច្រើនបានប្រព្រឹត្តទៅដោយសុខសន្តិភាព និងគ្មានភាពមិនប្រក្រតីធំដុំបានកើតឡើងទេ។ ទោះយ៉ាងណាក៏ដោយ ការរឹតបន្តឹងដោយការកែប្រែច្បាប់មួយចំនួនជាមួយនឹងការ បង្កើតបរិយាកាសភ័យខ្លាចនេះ មិនអំណោយផលដល់ការបង្កើតឱ្យមានបរិយាកាសបោះឆ្នោតមួយដោយសេរី និងត្រឹមត្រូវយ៉ាងពេញលេញទាំងស្រុងនោះទេ។

ការរកឃើញជាបឋមពីថ្ងៃបោះឆ្នោត

តាមរយៈរបាយការណ៍ទទួលបានពី១០០% នៃការិយាល័យបោះឆ្នោតដែលស្ថិតក្នុងការសង្កេត ការណ៍តាមសំណាកគំរូវិទ្យាសាស្រ្តស្ថិតិរបស់អង្គការតម្លាភាពកម្ពុជា អង្គការតម្លាភាពកម្ពុជាសូមបង្ហាញ របាយការណ៍នៃការរកឃើញជាបឋមរបស់ខ្លួនជាសង្ខេបដូចខាងក្រោម៖

ដំណើរការរៀបចំ និងបើកការិយាល័យបោះឆ្នោត

  • ៨៨% នៃការិយាល័យបោះឆ្នោតបានបើកទាន់ពេលវេលា។
  • ៩៥% នៃការិយាល័យបោះឆ្នោតមានមន្រ្តីការិយាល័យបោះឆ្នោតចំនួន ៦នាក់។
  • ៩៨% សម្ភារៈសំខាន់ៗទាំងអស់មានវត្តមាននៅក្នុងពេលបើកការិយាល័យបោះឆ្នោត។
  • ៥៩% នៃការិយាល័យបោះឆ្នោតគ្មានជំរាលសម្រាប់ជនពិការ ជិះរទេះចេញចូល។

ដំណើរការបោះឆ្នោត

  • ៩៩% នៃការិយាល័យបោះឆ្នោតមិនមានករណីអំពើហិង្សាលើរូបរាងកាយ ការបំភិតបំភ័យ ការដាក់សម្ពាធ ឬការគំរាមកំហែងទេ។
  • ២៥% នៃការិយាល័យបោះឆ្នោតមានវត្តមានបុគ្គលដែលមិនត្រូវបានអនុញាតដូចជា៖ មេភូមិ(១៤% នៃការិយាល័យ) បេក្ខជន(១១% នៃការិយាល័យ) និងប៉ូលិស(៧% នៃការិយាល័យ)។
  • ៩៧% នៃការិយាល័យបោះឆ្នោត មន្ត្រីការិយាល័យបោះឆ្នោតតែងតែ បានជ្រលក់ម្រាមដៃអ្នកបោះឆ្នោតជាមួយទឹកថ្នាំជ្រលក់ដែលលុបមិនជ្រះ បន្ទាប់ពីបានបោះឆ្នោតរួច។ ៣% នៃការិយាល័យភាគច្រើនបានជ្រលក់។
  • ៩៧% នៃការិយាល័យបោះឆ្នោត មន្ត្រីបោះឆ្នោតតែងតែបោះត្រានៅលើសន្លឹកឆ្នោតនីមួយៗ មុនពេលប្រគល់ឱ្យទៅអ្នកបោះឆ្នោត។ ៣% នៃការិយាល័យភាគច្រើនបានបោះត្រា។

ដំណើរការបិទ និងការរាប់សន្លឹកឆ្នោត

  • នៅពេលរាប់សន្លឹកឆ្នោតមានភ្នាក់ងារគណបក្សនៅ១០០%នៃការិយាល័យបោះឆ្នោត។ នៅការិយាល័យទាំងនោះ ៩៦%មកពីគណបក្សប្រជាជានកម្ពុជា ៩៥%មកពីគណបក្សសង្គ្រោះជាតិ និង៤៤%មកពីគណបក្សផ្សេងទៀត។
  • ៨%នៃការិយាល័យបោះឆ្នោត នៅពេលរាប់សន្លឹកឆ្នោតមានវត្តមានបុគ្គលដែលមិនត្រូវបានអនុញាតដែលភាគច្រើនជាមេភូមិ(៥%)។
  • ៩៩%នៃការិយាល័យបោះឆ្នោត ការតំរៀប និងការរាប់សន្លឹកឆ្នោតធ្វើនៅចំពោះមុខភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍។
  • នៅ៩៤%នៃការិយាល័យបោះឆ្នោត ដែលភ្នាក់ងារគណបក្សប្រជាជានកម្ពុជាមានវត្តមាន ពួកគេបានទទួលលទ្ធផលនៃការរាប់សន្លឹកឆ្នោត(ទម្រង់១១០២)។ នៅ៩៣%ការិយាល័យបោះឆ្នោតដែលភ្នាក់ងារគណបក្សសង្គ្រោះជាតិមានវត្តមាន ពួកគេបានទទួលលទ្ធផលនៃការរាប់សន្លឹកឆ្នោត(ទម្រង់១១០២)។
  • នៅស្ទើរគ្រប់១០០%ការិយាល័យបោះឆ្នោត រាល់បញ្ហានៅពេលរាប់ត្រូវបានដោះស្រាយ។

 

សេចក្តីសន្និដ្ឋាន

ការរៀបចំការបោះឆ្នោតនៅក្នុងថ្ងៃបោះឆ្នោតមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងការបោះឆ្នោត ឆ្នាំ២០១៣ ដោយមានកិច្ចខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ការបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងភាគីពាក់ព័ន្ធនានា។ ភាពប្រសើរឡើងទាំងនេះរួមមាន គុណភាពនៃបញ្ជីឈ្មោះអ្នកបោះឆ្នោត ការចុះឈ្មោះបេក្ខជនគណបក្សនយោបាយ  កំណើនកិច្ចសហប្រតិបត្តិការ និងភាពបើកចំហរវាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាមួយសង្គមស៊ីវិល និងសាធារណជន។

Download Preliminary Statement on Cambodia’s 2017 Commune Elections

This post is also available in: អង់​គ្លេស