សេចក្តីសងេ្ខបនៃគោលនយោបាយសមាជិកភាព
អង្គការតម្លាភាពកម្ពុជា គឺជាតំណាងប្រចាំប្រទេសកម្ពុជានៃអង្គការតម្លាភាពអន្តរជាតិ ដែលមានទី ស្នាក់ការនៅទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់។ លក្ខន្តិកៈរបស់អង្គការតម្លាភាពកម្ពុជា ផ្តល់នូវគោលការណ៍មូលដ្ឋានទាក់ទងនឹងសមាជិកភាពជាបុគ្គលនិងស្ថាប័ន។ ដើម្បីអោយអង្គការតម្លាភាពកម្ពុជាក្លាយទៅជាចលនាសង្គមក្នុងស្រុកនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ អង្គការតម្លាភាពកម្ពុជាត្រូវក្លាយទៅជាអង្គការដែលផ្អែកលើសមាជិកភាព។ អង្គការតម្លាភាពកម្ពុជា នឹងធ្វើជាគំរូដោយអនុវត្ដតាមគោលការណ៍ប្រជាធិបតេយ្យនៃគណនេយ្យភាព ភាពបើកចំហ សុចរិតភាព និងការផ្តល់អំណាចដល់សមាជិករបស់ខ្លួនដើម្បីចូលរួមក្នុងការធ្វើសេចក្តីសម្រេចជាយុទ្ធសាស្រ្តរបស់អង្គការតម្លាភាពកម្ពុជា។
តំណាងប្រទេសនីមួយៗមានចំនូនពីរភាគបីនៃអំណាចបោះឆ្នោតនៅកិច្ចប្រជុំសមាជិកប្រចាំឆ្នាំរបស់អង្គការតម្លាភាពអន្តរជាតិ។ នេះជាយន្តការដែលធានានូវគណនេយ្យភាពរវាងក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពអន្តរជាតិនិងតំណាងប្រទេសនីមួយៗ ។ ដូចនេះ តំណាងប្រទេសនីមួយៗចាំបាច់ត្រូវមាននីតិវិធីដើម្បីធានាថាតំណាងប្រទេសនីមួយៗអនុលោមតាមគោលការណ៍ជាមូលដ្ឋានទាំងអស់របស់អង្គការតម្លាភាពអន្តរជាតិ។
គោលនយោបាយសមាជិកភាព នេះមានគោលបំណងដើម្បី:
· ផ្តល់ភាពជាម្ចាស់ការដល់សមាជិករបស់ខ្លួនដើម្បីធ្វើការសម្រេចចិត្តលើការដឹកនាំ និងការកំណត់ទិសដៅជាយុទ្ធសាស្រ្តនៃអង្គការតម្លាភាពកម្ពុជា នៅពេលអនាគត។ ក្នុងរយៈពេលបីឆ្នាំដំបូងនៃការអនុវត្តគោលនយោបាយសមាជិកនេះ (សម័យអន្តរកាល) សន្និបាតសមាជិកនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ប្រឹក្សាយោបល់ជាមួយក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជា ខណះដែលក្រុមប្រឹក្សាភិបាលនៅត្រួតពិនិត្យលើគោលនយោបាយសមាជិករបស់អង្គការតម្លាភាពកម្ពុជា។ នៅចុងបញ្ចប់នៃរយៈពេលអន្តរកាលនេះ ក្រុមប្រឹក្សាភិបាលនឹងសម្រេចចិត្តលើយុទ្ធសាស្រ្តជាបន្តទៀត ។
· ចូលរួមជាមួយ ក្រុមហ៊ុន/ស្ថាប័ន និងបុគ្គលជាសមាជិក ក្នុងការលើកកម្ពស់សុចរិតភាព និងការកាត់បន្ថយអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា
· ពង្រឹង និងគាំទ្រដល់ចលនាប្រឆាំងអំពើពុករលួយជាសកលរបស់អង្គការតម្លាភាពអន្តរជាតិ។
ក– សមាជិកភាពជាលក្ខណះស្ថាប័ន
គោលបំណងនៃសមាជិកភាពជាក្រុមហ៊ុនឬស្ថាប័ននេះ គឺដើម្បីចូលរួមប្រឆាំងអំពើពុករលួយថ្នាក់ជាតិអោយមានប្រសិទ្ធិភាព និង គណនេយ្យភាព ដែលទទួលបានការគាំទ្រពីក្រុមហ៊ុនពីគ្រប់វិស័យ។ ក្រុមហ៊ុនឬស្ថាប័នមានមកពីអង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយ។
លក្ខណៈវិនិច្ឆ័យក្នុងការដាក់ពាក្យ
លក្ខណៈវិនិច្ឆ័យដើម្បីមានសិទ្ធិដាក់ពាក្យសុំក្លាយជាសមាជិកប្រភេទក្រុមហ៊ុនឬស្ថាប័នមានដូចតទៅ:
· ចុះបញ្ជីត្រឹមត្រូវតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
· មានការប្តេជ្ញាចិត្តរបស់ខ្លួន ការខិតខំប្រឹងប្រែង និងមានសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងអង្គភាពផ្ទាល់របស់ខ្លួន
· អនុវត្ត និងទទួលយកគុណតម្លៃ និងគោលការណ៍ណែនាំនៃអង្គការតម្លាភាពកម្ពុជា និងបន្តអនុវត្តស្របតាមគុណតម្លៃនិងគោលការណ៍ណែនាំទាំងនោះ
· អនុវត្តជំហ៊ានដែលចាំបាច់ ដើម្បីបង្ការនូវអំពើពុករលួយនៅក្នុងអង្គភាពផ្ទាល់របស់ខ្លួន ដោយការទទួលយក និងអនុវត្តបញ្ជីផ្ទៀងផ្ទាត់ការប្រឆាំងនឹងការសូកប៉ាន់របស់អង្គការតម្លាភាពកម្ពុជា
· គោរពតាម និងអនុវត្តទៅតាមក្រមប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា
· គ្មានពិរុទ្ធភាពទាក់ទងទៅនឹងបទឧក្រិដ្ឋ អំពើពុករលួយ ឬការរំលោភសិទ្ធិមនុស្សណាមួយ
· គ្មានជំហរលំអៀងទៅគណបក្សនយោបាយ។
ខ– សមាជិកភាពជាលក្ខណះបុគ្គល
គោលបំណងនៃការជ្រើសតាំងឱ្យមានសមាជិកជាបុគ្គល គឺសម្រាប់ការប្រឹងប្រែងប្រឆាំងអំពើពុករលួយនេះ មាននូវបុគ្គលដែលមានសមត្ថភាព បទពិសោធន៍ ការប្តេជ្ញាចិត្តខ្ពស់ សុចរិតភាព និងមានការទទួលស្គាល់ ព្រមទាំងមានការប្តេជ្ញាចិត្តដើម្បីលើកកម្ពស់យ៉ាងសកម្ម និងយល់ដឹងពីគោលដៅរបស់អង្គការតម្លាភាពកម្ពុជា។
អតីតសមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជា អាចក្លាយទៅជាសមាជិកដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ឆ្លងកាត់ដំណើរការវាយតំលៃទ្បើយ។
លក្ខណៈវិនិច្ឆ័យក្នុងការដាក់ពាក្យ
បុគ្គលដែលអាចមានសិទ្ធិដាក់ពាក្យសុំចូលជាសមាជិកនៃអង្គការតម្លាភាពកម្ពុជាត្រួវមានលក្ខណៈដូចខាងក្រោម៖
· មានអាយុយ៉ាងតិចណាស់ ១៨ ឆ្នាំនៅពេលដាក់ពាក្យ
· មិនធ្លាប់ត្រូវបានផ្តន្ទាទោសពីការចោទប្រកាន់ពីបទឧក្រិដ្ឋ ឬការចោទប្រកាន់ទាក់ទងនឹងអំពើពុករលួយនៅទីណាមួយក្នុងពិភពលោក លើកលែងតែការចោទប្រកាន់នោះត្រូវបានបញ្ជាក់ថាជាទង្វើក្រោមនិន្នាការនយោបាយ
· បានបង្ហាញសមត្ថភាព និងការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយព្រមទាំងលើកកម្ពស់សុចរិតភាព
· បានបង្ហាញសមត្ថភាពក្នុងការអនុវត្តតាមគោលនយោបាយ និងក្រមប្រតិបត្តិអង្គការតម្លាភាពកម្ពុជា
· គ្មានលិខិតថ្កោលទោសទាក់ទងទៅនឹងបទឧក្រិដ្ឋ អំពើពុករលួយ ឬការរំលោភសិទ្ធិមនុស្សណាមួយ
· មិនមែនជាសកម្មជននយោបាយរបស់គណបក្សនយោបាយណាមួយឬប្រធានគណបក្សនោះ
· មានលិខិតគាំទ្រចំនួនពីរពីបុគ្គលដែលមានការគោរពខ្ពស់នៅក្នុងសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាឬនៅបរទេស
This post is also available in: អង់គ្លេស