ពិធីចុះហត្ថលេខាលើការបន្តអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជា
សេចក្ដីថ្លែងការណ៍ព័ត៌មាន
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១៖ នៅថ្ងៃនេះ ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជាបានប្រារព្ធពិធីចុះហត្ថលេខាលើការបន្តអនុស្សរណៈនៃការយោគយល់គ្នា(MoU)នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ។ ការបន្តអនុស្សរណៈនៃការយោគយល់នេះនឹងផ្តល់នូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជាដើម្បីអនុវត្តរួមគ្នានូវគម្រោង “សាលាអភិបាលកិច្ច” ដំណាក់កាលទី២(២០២១-២០២៥)។
ការបន្តអនុស្សរណៈនៃការយោគយល់នេះ គឺជាលទ្ធផលនៃការអនុវត្តរួមគ្នាដោយជោគជ័យនូវគម្រោងស្តីពី “សាលាអភិបាលកិច្ច” ដំណាក់កាលទី១(២០១៦-២០២០)។ គម្រោងសាលាអភិបាលកិច្ច ដំណាក់កាលទី១ មានគោលបំណងគាំទ្ររដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពរបស់ស្ថាប័នរដ្ឋ និងអង្គភាពក្រោមឱវាទទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាក់ទងនឹងអភិបាលកិច្ចល្អ គណនេយ្យភាព សុចរិតភាព និងការប្រឆាំងអំពើពុករលួយ ដែលបានជួយឱ្យការផ្តល់សេវាសាធារណៈកាន់តែមានតម្លាភាព និងគណនេយ្យភាព។ សមិទ្ធិផលមួយគួរឱ្យកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការនេះ គឺជាភាពជោគជ័យនៃការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលដល់មន្ត្រីរបស់ក្រសួងមហាផ្ទៃទៅលើចំណេះដឹង និងជំនាញលើកកម្ពស់អភិបាលកិច្ចល្អ។ បច្ចុប្បន្ន មន្ត្រីទាំងនោះបានក្លាយជាគ្រូបង្គោលដ៌សំខាន់នៅក្នុងគម្រោងសាលាអភិបាលកិច្ច។
គម្រោងសាលាអភិបាលកិច្ច ដំណាក់កាលទី១ ក៏បានរួមចំណែកលើកកម្ពស់សមត្ថភាពមន្ត្រីផ្តល់សេវា សាធារណៈនៅថ្នាក់ក្រោមជាតិស្តីពី អភិបាលកិច្ចល្អនៅក្នុងការផ្ដល់សេវាសាធារណៈផងដែរ។ ជាក់ស្ដែង ក្នុងដំណាក់ទី១នេះ គ្រូបង្គោលរបស់សាលាអភិបាលកិច្ចបានផ្តល់វគ្គបណ្តុះបណ្តាលចំនួន៣ ដល់មន្រ្តីអង្គភាពច្រកចេញចូលតែមួយ(OWSUs)នៅទូទាំង ២៥រាជធានី/ខេត្ត វគ្គបណ្តុះបណ្តាលចំនួន៨ ដល់មន្រ្តីការិយាល័យច្រកចេញចូលតែមួយ(OWSOs)នៅក្នុង៨ក្រុង/ស្រុក និងវគ្គបណ្តុះបណ្តាលចំនួន១ ដល់មន្ត្រីការិយាល័យប្រជាពលរដ្ឋនៅតាមក្រុង/ស្រុក/ខណ្ឌគោលដៅចំនួន៥២។ ជារួម មានមន្ត្រី និងប្រជាពលរដ្ឋសរុបចំនួន៨៦១នាក់ ដែលក្នុងនោះមានស្រ្តី ២៦៦នាក់ បានទទួលផលពីវគ្គបណ្តុះបណ្តាលខាងលើ។
ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា៖ “ការពង្រឹងសេវាសាធារណៈនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសតាមរយៈការិយាល័យ/អង្គភាពច្រកចេញចូលតែមួយ គឺជាយុទ្ធនាការយ៉ាងសំខាន់ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ យើងនៅតែបន្តកិច្ចខិតខំប្រឹងប្រែងទៅលើអភិបាលកិច្ចល្អ និងយេនឌ័រ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ប្រជាធិបតេយ្យ និងការផ្តល់សេវា សាធារណៈប្រកបដោយបរិយាប័ន្ន។ ទោះជាយើងមានសាលាជាតិរដ្ឋបាលមូលដ្ឋានហើយក៏ដោយ ការបង្កើតសាលាអភិបាលកិច្ចនេះជាផ្នែកមួយសំខាន់ក្នុងការពង្រឹងអភិបាលកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ”។
ខណៈដំណាក់កាលទី១បានបញ្ចប់ ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជានឹងនៅតែរក្សាការប្តេជ្ញាចិត្តធ្វើការរួមគ្នាដើម្បីសម្រេចបាននូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៃគម្រោងសាលាអភិបាលកិច្ច ដំណាក់កាលទី២ដែលមានចែងក្នុងអនុស្សរណៈនៃការយោគយល់នេះ។ ស្ថាប័នទាំងពីរនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សមត្ថភាពមន្រ្តីសាធារណៈនៅថ្នាក់ជាតិ និងមន្ត្រីផ្ដល់សេវានៅថ្នាក់ក្រោមជាតិ តួយ៉ាងការិយាល័យ/អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋថ្នាក់ខេត្ត ថ្នាក់ក្រុង/ស្រុក/ខណ្ឌ និងថ្នាក់ឃុំ/សង្កាត់ ពាក់ព័ន្ធនឹងអភិបាលកិច្ចល្អ និងការផ្តល់សេវាសាធារណៈដែលឆ្លើយតបនឹងយេនឌ័រ(GRPS) ដើម្បីឱ្យពួកគាត់ផ្តល់សេវាសាធារណៈកាន់តែឆ្លើយតប មានគណនេយ្យភាព និងបរិយាប័ន្ន។ អនុស្សរណៈនៃការយោគយល់នេះក៏មានគោលបំណងដើម្បីបង្កើនលទ្ធភាពទទួលបានយន្តការដោះស្រាយបណ្តឹងទាក់ទងនឹងការផ្ដល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ តាមរយៈការបង្កើតនូវយន្តការសម្រាប់ប្រជាពលរដ្ឋផ្ដល់ព័ត៌មានត្រឡប់អំពីសេវា និងពិភាក្សាអំពីការពង្រឹងការផ្ដល់សេវាឱ្យកាន់តែប្រសើរ។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា៖ “គម្រោងសាលាអភិបាលកិច្ចដំណាក់កាលទី២នេះ នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបទៀតផង។ លើសពីការកសាងសមត្ថភាពមន្ត្រីផ្តល់សេវាសាធារណៈ ប្រជាពលរដ្ឋ និងយុវជន គម្រោងនេះនឹងផ្តល់ឱ្យពួកគេនូវវេទិកាមួយដើម្បីធ្វើការប្រាស្រ័យទាក់ទង និងលើកឡើងនូវតម្រូវការរបស់ពួកគេ ហើយអ្នកផ្ដល់សេវាអាចធ្វើការឆ្លើយតបនឹងតម្រូវការទាំងនោះ ដើម្បីឱ្យកាន់តែមានគណនេយ្យភាព និងប្រសិទ្ធភាពនៅក្នុងការផ្តល់សេវាសាធារណៈ”។
ក្នុងពិធីចុះហត្ថលេខានេះ ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជាក៏បានរៀបចំពិធីប្រគល់វិញ្ញាបនប័ត្រដល់គ្រូបង្គោលដែលជាមន្រ្តីក្រសួងមហាផ្ទៃ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលដោយជោគជ័យ និងបានបំពេញតាមលក្ខខណ្ឌវគ្គបណ្តុះបណ្តាលនៃគម្រោងសាលាអភិបាលកិច្ច។ គ្រូបង្គោលទាំងនោះ គឺជាធនធានដ៏សំខាន់ដែលនឹងរួមចំណែកកសាងសមត្ថភាពមន្ត្រីសាធារណៈជំនាន់ក្រោយ ដែលប្តេជ្ញាចិត្តចំពោះការអនុវត្តគោលការណ៍អភិបាលកិច្ចល្អ គណនេយ្យភាព សុចរិតភាព និងការប្រឆាំងអំពើពុករលួយ។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជា សូមថ្លែងអំណរគុណចំពោះម្ចាស់ជំនួយ មានសហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត ដែលបាន និងកំពុងផ្ដល់ការគាំទ្រលើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនេះតាំងពីដំបូងមក។ ការគាំទ្រនេះបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយលើកកម្ពស់អភិបាលកិច្ចល្អ ជាពិសេសការផ្តល់សេវាសាធារណៈប្រកបដោយគណនេយ្យភាពនៅប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១. ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
(៨៥៥)១២ ៩០៩ ៨៧៩
២. លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា
(៨៥៥)៨៩ ៩៧២ ៦២០, piseypech@ticambodia.org
ទាញយកពិធីចុះហត្ថលេខាលើការបន្តអនុស្សរណៈនៃការយោគយល់គ្នា
###
This post is also available in: អង់គ្លេស