អត្ថបទប៊្លុក៖ ដំណើររបស់ក្រុមជ័យលាភីនៃការប្រកួតជជែកដេញដោលយុវជនឆ្នាំ២០២០
អត្ថបទប៊្លុកនេះមានគោលបំណងបរិយាយសង្ខេបពីដំណើរការ និងបទពិសោធន៍របស់ក្រុមជ័យលាភីលេខ១ ក្នុងកម្មវិធី ប្រកួតជជែកដេញដោលយុវជនឆ្នាំ២០២០ ជុំវិញប្រធានបទ៖ “ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន” ដែលរៀបចំដោយអង្គការតម្លាភាពកម្ពុជា។ អត្ថបទនេះចាប់ផ្តើមអំពីការបង្កើតក្រុមរបស់យើង ការពិភាក្សាលើប្រធានបទជជែកដេញដោល ជាមួយនឹងបញ្ហាប្រឈមដែលយើងបានជួបប្រទះផងដែរ។ អត្ថបទនេះនឹងបរិយាយាយ អំពីមេរៀនដែលពួកយើងបានរៀនសូត្រ ក៏ដូចជាការលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ចូលរួមការប្រកួតប្រជែងបែបនេះ។
ក្រុមរបស់ពួកយើងមានសមាជិកចំនួន ៤នាក់ រួមមាន សុខ សូនីតា, ងួន គីម, ឆេង ឧស្សាហ៍ និង សុង ដាភា។ ពួកយើង មកពីជំនាញខុសៗគ្នា ២នាក់សិក្សាជំនាញទំនាក់ទំនងអន្តជាតិ និង ២នាក់ ទៀតសិក្សាជំនាញ គ្រប់គ្រងពាណិជ្ជកម្ម។ ពួកយើងក៏មកពីសាកលវិទ្យាល័យផ្សេងគ្នាផងដែរ ២នាក់មកពីសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ ម្នាក់មកពីវិទ្យាស្ថានភាសាបរទេស និងម្នាក់ទៀតមកពីសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន។ ថ្វីបើជាពួកយើងមកពីសាកលវិទ្យាល័យខុសៗគ្នាមែន ប៉ុន្ដែពួកយើងមានចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តដូចគ្នា ដែលនាំឲ្យពួកយើងបង្កើតក្រុមនេះឡើងសម្រាប់ការប្រកួតប្រជែងនេះ។ នៅក្នុងកម្មវិធីប្រកួតប្រជែងដេញដោលនេះ ពួកយើងទទួលបានចំណេះដឹងជាច្រើនទាក់ទងទៅនឹងសារៈសំខាន់នៃសេវាសាធារណៈ ដែលប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយពួកយើងនឹងស្វែងយល់បន្ថែមទៅលើប្រធានបទនេះឱ្យកាន់តែស៊ីជម្រៅជាងនេះទៀត។ បន្ថែមពីនេះ ពួកយើងក៏មានគោលបំណងចង់បង្កើនសមត្ថភាពក្នុងការប្រើប្រាស់ភាសាខ្មែរជាផ្លូវការ ក៏ដូចជាលើកកម្ពស់វប្បធម៌សន្ទនា ដែលអនុញ្ញាតឱ្យយុវជនពិភាក្សាពីបញ្ហាសង្គមជាក់លាក់ដោយគ្មានអំពើហឹង្សា។
សម្រាប់ការប្រកួតប្រជែងនេះតាំងពីដើមរហូតដល់វគ្គផ្តាច់ព្រ័ត្រ ប្រធានបទនៃការជជែកដេញដោលគឺផ្តោតសំខាន់ជុំវិញ “ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន”។ នៅក្នុងការប្រកួតជុំទីមួយ ប្រធានបទដែលពួកយើងទទួលបានគឺទាក់ទងទៅនឹង អំពើពុករលួយក្នុងវិស័យសាធារណៈ។ ពួកយើងដែលជាក្នុងក្រុមបដិសេធន៍ ព្យាយាមបង្ហាញថា អំពើពុករលួយមិនមែនជាកត្តាតែមួយដែលរារាំងការផ្តល់សេវាសាធារណៈល្អនោះទេ វាមានកត្តាជាច្រើនផ្សេងទៀត។ នៅក្នុងជុំបន្ទាប់ ប្រធានបទរបស់ពួកយើងដែលពួកយើងទទួលបានគឺទាក់ទងទៅនឹងកម្មវិធីប័ណ្ណក្រីក្រ ដែលគឺការយន្តការរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងកំឡុងពេលដែលប្រទេសយើងកំពុងជួបប្រទះនឹងជំងឺកូវីដ-១៩។ នៅក្នុងវគ្គប្រាំបីក្រុមចុងក្រោយ ប្រធានបទដែលក្រុមពួកយើងទទួលបានមានភាពលំបាក់ជាងមុន ដែលតម្រូវឱ្យពួកយើង ជជែកដេញដោលអំពីអនុក្រឹត្យលេខ ១៨២ ដែលពួកយើងព្យាយាមបង្ហាញពីសារៈសំខាន់នៃអនុក្រឹត្យ ក្នុងការលើកកម្ពស់វិមជ្ឈការ។ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ ក្រុមរបស់ពួកយើងទទួលបានប្រធានបទទាក់ទងនឹង អំណាចនៃសារព័ត៌មាន ពួកយើងដែលជាក្រុមតំណាងឱ្យរាជរដ្ឋាភិបាល បានរកឃើញនូវឯកសារជាច្រើនដែលបង្ហាញពីមានសារៈសំខាន់របស់សារព័ត៌មាន នៅក្នុងការជំរុញការផ្តល់សេវាសាធារណៈដ៏ល្អប្រសើរ ពីព្រោះ ក្រុមយើងខ្ញុំជឿជាក់ថា សារព័ត៌មានប្រៀបដូចជាជាកញ្ចក់បង្ហាញពីសកម្មភាពរបស់រាជរដ្ឋាភិបាល។ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ប្រធានបទសម្រាប់ការជជែកដេញដោលគឺទាក់ទងទៅនឹង ការិយាល័យប្រជាពលរដ្ឋ ដែលមិនត្រូវបានគេស្គាល់ជាទូទៅក្នុងចំណោមប្រជាពលរដ្ឋ ប៉ុន្តែវាគឺជាយន្តការមួយដែលត្រូវបានប្រើដោយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបណ្តឹង សំណើរ សំណូមពរពីប្រជាពលរដ្ឋទាក់ទងនឹងការផ្តល់សេវាសាធារណៈ។ ប្រធានបទទាំងនេះ មិនត្រូវបានយកចិត្តទុកដាក់ពីសំណាក់យុវជនប៉ុន្មានទេ ប៉ុន្តែជាមួយនឹងការប្រកួតជជែកដេញដោលនេះ យើងមិនត្រឹមតែរៀនសូត្រពីគូប្រកួតរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានរៀនសូត្រពីអ្នកចូលរួមប្រកួតដ៏ទៃទៀត ដែលពិភាក្សាលើប្រធានបទផ្សេងៗគ្នាផងដែរ។
បញ្ហាប្រឈមធំមួយដែលពួកយើងបានជួបប្រទះក្នុងការប្រកួតប្រជែងនេះ គឺជំនាញភាសាខ្មែររបស់យើងដែលត្រូវបានប្រើជាផ្លូវការក្នុងការប្រកួតប្រជែងជជែកដេញដោលនេះ។ សព្វថ្ងៃសិស្សនិស្សិតភាគច្រើនសិក្សាតាមកម្មវិធីសិក្សាជាភាសាអង់គ្លេស ដោយប្រើប្រាស់ភាសាអង់គ្លេសជាគោលក្នុងការសិក្សា និងស្រាវជាវ ។ បន្ថែមពីលើនេះទៀត ដោយសារតែពួកយើងមកពីសាកលវិទ្យាល័យផ្សេងៗគ្នា ពួកយើងក៏ជួបប្រទះបញ្ហារកាតាមអង់គ្លេសក្នុងការសិក្សា់ងក្នុងការរកពេលវេលារួមណាមួយ ដែលគ្រប់គ្នាអាចជួបគ្នាផ្ទាល់ និងពិភាក្សាគ្នាបាន។ ក្រៅពីនេះ ពួកយើង មិនធ្លាប់ស្គាល់ ឬបានប្រើប្រាស់ពាក្យពេច្យ ដែលភាគច្រើនត្រូវបានប្រើជាញឹកញាប់នៅក្នុងការប្រកួតប្រជែងនេះ។ អ្វីដែលសំខាន់ជាងនេះទៅទៀត ពួកយើកក៏ជួបប្រទះបទពិសោធន៍ដ៏លំបាក់ក្នុងការសិក្សាស្រាវជ្រាវ។ នេះជាកត្ដាចម្បង ដោយសាតែកង្វះខាតប្រភពនៃទិន្នន័យ និងព័ត៌មាន ហើយភាគច្រើន ឯកសារដែលយើងស្វែងរកបានមិនមានបច្ចុប្បន្នភាពទៀត។ ដោយមានការប្តេជ្ញាចិត្ត ការលះបង់របស់ពួកយើង និងការចូលរួមចំណែករបស់សមាជិកក្រុមគ្រប់រូប យើងអាចជំណះរាលឧបសគ្គដែលបានលើកឡើងខាងលើ។
ការប្រកួតប្រជែងនេះបានបង្កើនសមត្ថភាពរបស់យើងគួរឱ្យកត់សម្គាល់បំផុត។ ក្រៅពីការបង្កើនសមត្ថភាពក្នុងការនិយាយជាសាធារណៈ យើងម្នាក់ៗទទួលបាននូវចំណេះដឹងច្រើនអំពីវិស័យសេវាកម្មសាធារណៈ។ តាំងពីចាប់ផ្ដើមការប្រកួតមក ក្រុមរបស់យើងមានឱកាសក្នុងការវិភាគ និងស្វែងយល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ទាំងក្នុងទស្សនៈគាំទ្រ និងបដិសេធន៍។ យើងបានពិនិត្យ និងវិភាគទៅលើគ្រប់ជ្រុងនៃគោលនយោបាយ ដែលក្នុងនោះរួមទាំងលទ្ធភាព បរិយាបន្ន និងប្រសិទ្ធភាព ដើម្បីបង្កើតបានជាអំណះអំណាងដ៏រឹងមាំ។ លើសពីនេះទៀត តាមរយៈការប្រកួតនេះ ក្រុមរបស់ពួកយើងទទួលបានការយល់ដឹងកាន់តែច្បាស់អំពីមុខងារនៃអនុក្រឹត្យជាតិ គោលនយោបាយ និងការិយាល័យសេវាសាធារណៈ។ ជាឧទាហរណ៍នៅក្នុងការប្រកួតប្រជែងនេះ ក្រុមរបស់យើងអាចយល់ស៊ីជម្រៅអំពីមន្ដ្រីការិយាល័យប្រជាពលរដ្ឋ រួមជាមួយនឹងមន្ដ្រីសេវាច្រកចេញចូលតែមួយ។ ជាមួយនឹងមេរៀនដ៏មានតម្លៃទាំងនេះ ពួកយើងយល់ថា ប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់សេវាសាធារណៈទាំងអស់នោះ ដើម្បីទទួលបានភាពប្រសើរឡើងសម្រាប់ពួកគាត់ ក៏ដូចជាសង្គមជាតិរបស់ពួកគាត់ទាំងមូល។
សរុបសេចក្ដីមក យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការតម្លាភាពកម្ពុជា ម្ចាស់ជំនួយ និងអ្នកពាក់ព័ន្ធទាំងអស់ សម្រាប់ការផ្ដល់ឱកាសដ៏អស្ចារ្យនេះ ដែលអនុញ្ញាតឱ្យយុវជនដូចយើង បានចូលរួមនៅលើឆាក ដើម្បីបង្ហាញ និងការពារជំហររបស់ពួកយើង។ ជារួម នៅក្នុងការជជែកដេញដោលរវាងភាគីទាំងសងខាង គឺមិនមានអ្នកត្រូវ ឬអ្នកខុសនោះទេ ដោយឡែកភាគីទាំងសងខាងព្យាយាមបង្ហាញថាហេតុអ្វីបានជាគំនិត ឬអនុសាសន៍របស់ពួកគេមានភាពប្រសើរជាង ក្នុងការដោះស្រាយបញ្ហា ដែលប្រធានបទបានលើកឡើង។ ពួកយើងមិនត្រឹមតែយល់ដឹងអំពីបញ្ហាទាំងអស់នេះប៉ុណ្ណោះទេ ប៉ុន្តែពួកយើងក៏បានរៀនសូត្រនូវដំណោះស្រាយផ្សេងៗគ្នារួមទាំងចំណុចខ្លាំង និងចំណុចខ្សោយរបស់ពួកយើង និងអ្នកចូលរួមដ៏ទៃទៀតផងដែរ។ ក្រុមរបស់ពួកយើងសូមលើកទឹកចិត្តដល់យុវជនដ៏ទៃទៀត ឱ្យចូលរួមក្នុងការប្រកួតជជែកដេញដោលនេះនាពេលអនាគត ពួកយើងប្រាកដណាស់ថា ពួកគាត់នឹងអាចពង្រីកការយល់ដឹងរបស់ពួកគាត់ទៅលើប្រធានបទប្រកួត ជំនាញក្នុងការនិយាយជាសាធារណៈ ជំនាញក្នុងការវិភាគ និងជំនាញក្នុងការជជែកដេញដោល។
ការប្រកួតជជែកដេញដោលជុំវិញប្រធានបទ៖ “ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន” ត្រូវបានរៀបចំឡើងដោយអង្គការតម្លាភាពកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីការផ្តល់សេវាសាធារណៈ និងគណនេយ្យភាពថវិកានៅថ្នាក់មូលដ្ឋាន។ ប្រធានបទយ៉ាងតិចចំនួន ២៩ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន ត្រូវបានលើកយកមកជជែកដេញដោលក្នុងកម្មវិធីនេះ។ ប្រធានបទទាំងនោះរួមបញ្ចូល ការផ្តល់សេវាសាធារណៈប្រកបដោយបរិយាបន្ន និងគណនេយ្យភាព ក៏ដូចជាតម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងថវិកានៅថ្នាក់ក្រោមជាតិ។ កម្មវិធីនេះ ត្រូវបានធ្វើឡើងក្រោមគម្រោង ពង្រឹងសិទ្ធិអំណាចស្រ្តីវ័យក្មេងក្នុងការសម្រេចចិត្ត និងការជំរុញឱ្យការផ្តល់សេវាសាធារណៈកាន់តែមានគណនេយ្យ ក្រោមការគាំទ្រមូលនិធីពីសហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត។
Written by: សវនយុវជន
This post is also available in: អង់គ្លេស