Report Corruption by phone 092/069/060 57 87 87 Report Online

សេចក្ដីថ្លែងការណ៍ព័ត៌មាន ការផ្សព្វផ្សាយកម្មវិធីទូរស័ព្ទដៃ «មតិយើង» សម្រាប់ទទួលមតិយោបល់ពីប្រជាពលរដ្ឋ អំពីការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ

រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២៖ ថ្ងៃនេះគឺជាថ្ងៃដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃ «មតិយើង» ដែលជាឧបករណ៍ថ្មីមួយសម្រាប់ប្រជាពលរដ្ឋដើម្បីផ្តល់ព័ត៌មានត្រឡប់ រួមទាំងការដាក់ពាក្យបណ្ដឹងអំពីសេវាសាធារណៈនៅថ្នាក់ក្រោមជាតិក្នុងប្រទេសកម្ពុជា។

កម្មវិធីទូរស័ព្ទដៃ «មតិយើង» ត្រូវបានសហការផលិតឡើងដោយក្រសួងមហាផ្ទៃ អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា ដែលជាយន្តការសម្ងាត់ ងាយស្រួលប្រើ និងឥតគិតថ្លៃសម្រាប់សាធារណជនក្នុងការដាក់បណ្ដឹង ស្វែងរកជំនួយ សាកសួរព័ត៌មាន និងវាយតម្លៃសេវាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន។ គោលបំណងនៃការផលិតកម្មវិធីទូរស័ព្ទដៃនេះ គឺដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យសេវាសាធារណៈនៅកម្ពុជាកាន់តែមានតម្លាភាព បរិយាប័ន្ន និងគណនេយ្យភាពបន្ថែមទៀត ជាពិសេសសេវាសាធារណៈដែលឆ្លើយតបនឹងតម្រូវការយេនឌ័រ។ ចាប់តាំងពីខែមករា ឆ្នាំ២០២០ តាមរយៈការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប(EU) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត(Sida) ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានមុខងារ និងធនធាននៃក្រសួងមហាផ្ទៃ អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជាបានសហការគ្នាផលិតកម្មវិធីទូរស័ព្ទ «មតិយើង» ដែលមានទាំងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាច្រើនលើកជាមួយភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីប្រមូលធាតុចូលទៅលើកម្មវិធីទូរស័ព្ទដៃនេះ។

គិតត្រឹមដើមឆ្នាំ២០២២ កំណែចុងក្រោយនៃកម្មវិធីទូរស័ព្ទដៃ «មតិយើង» ត្រូវបានផលិតឡើង និងដាក់ឱ្យប្រើប្រាស់សាកល្បងដោយជោគជ័យនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងតំបន់គោលដៅនៃគម្រោង នៃប្រទេសកម្ពុជា​ រួមមាន៖ អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋថ្នាក់រាជធានី/ខេត្តចំនួន៣ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋថ្នាក់ក្រុង/ស្រុកចំនួន៨ និងរដ្ឋបាលឃុំ/សង្កាត់ចំនួន៣០។

«ការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃ «មតិយើង» គឺជាការបោះជំហានដ៏សំខាន់មួយទៀតឆ្ពោះទៅរកសេវាសាធារណៈប្រកបដោយប្រសិទ្ធភាពនៅប្រទេសកម្ពុជា។ ដោយសារអត្រាខ្ពស់នៃការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ និងអ៊ីនធឺណិតនៅក្នុងប្រទេស ការផលិត និងអនុវត្តកម្មវិធីទូរស័ព្ទដៃនេះគឺជាឱកាសដ៏ល្អប្រសើរជាងពេលណាៗទាំងអស់។ កម្មវិធីទូរស័ព្ទដៃនេះនឹងផ្តល់ជូនប្រជាពលរដ្ឋ ជាពិសេសយុវជននូវវេទិកាដ៏ទំនើប ប៉ុន្តែសាមញ្ញ ងាយស្រួលប្រើក្នុងការប្រាស្រ័យ ទំនាក់ទំនងនូវកង្វល់ និងតម្រូវការរបស់ពួកគាត់ជាមួយនឹងអ្នកផ្តល់សេវាសាធារណៈ ដែលនឹងនាំឱ្យមានភាពប្រសើរឡើងនៃអភិបាលកិច្ចល្អ និងការផ្តល់សេវាសាធារណៈកាន់តែឆាប់រហ័ស និងប្រកបដោយគណនេយ្យភាពនៅក្នុងប្រទេស។» នេះ​បើ​តាមប្រសាសន៍របស់​លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​ អង្គការតម្លាភាពកម្ពុជា ។

កម្មវិធីទូរស័ព្ទដៃ «មតិយើង» គឺជាផ្នែកមួយនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប និងរដ្ឋាភិបាលប្រទេសស៊ុយអែត ដើម្បីជួយសម្របសម្រួលក្នុងការប្រមូលព័ត៌មានត្រឡប់របស់ប្រជាពលរដ្ឋ និងការឆ្លើយតបរបស់អ្នកផ្តល់សេវាសាធារណៈ ដែលនឹងលើកកម្ពស់អភិបាលកិច្ចថ្នាក់មូលដ្ឋាន និងការផ្ដល់សេវាសាធារណៈប្រកបដោយគណនេយ្យភាព និងឆ្លើយតបតាមតម្រូវការយេនឌ័រ។ ស្ថាប័នទាំងបីបាននិងកំពុងធ្វើការរួមគ្នាដើម្បីពង្រឹងសមត្ថភាពមន្ត្រី​​សាធារណៈរបស់ក្រសួងមហាផ្ទៃ និងមន្ត្រីផ្តល់សេវាថ្នាក់ក្រោមជាតិនៅតាមអង្គភាព/ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ព្រមទាំងរដ្ឋបាលឃុំ-សង្កាត់ក្នុងតំបន់គោលដៅ ទៅលើការផ្ដល់សេវាសាធារណៈដែលប្រកបដោយគណនេយ្យភាព និងឆ្លើយតបតាមតម្រូវការយេនឌ័រ ព្រមទាំងការកសាងសមត្ថភាពរបស់យុវជន ជាពិសេសស្ត្រីវ័យក្មេង និងផ្តល់វេទិកាឱ្យពួកគេបានចូលរួមក្នុងកិច្ចសន្ទនា និងការតាមដានការផ្តល់សេវាសាធារណៈនៅតាមតំបន់គោលដៅរបស់គម្រោងផងដែរ។ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនេះក៏ផ្តល់អាទិភាពចំពោះការរៀបចំឱ្យមាននូវនៃកិច្ចពិភាក្សាពហុភាគីនៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ដើម្បីដោះស្រាយកង្វល់ និងមតិយោបល់របស់ប្រជាពលរដ្ឋលើការផ្តល់សេវាសាធារណៈ និងសម្រួលដល់ការឆ្លើយតបគោលនយោបាយទៀតផង។

ដើម្បីទទួលបានកម្មវិធីទូរស័ព្ទដៃ៖ សូមទាញយកកម្មវិធី «មតិយើង» ពីApp Store(iOS) ឬPlay Store(Android)តាមរយៈ៖ https://www.ticambodia.org/ourvoices/

បើកកម្មវិធី «មតិយើង» និងធ្វើតាមការណែនាំដើម្បីដំណើរការកម្មវិធី និងចាប់ផ្ដើមប្រើប្រាស់កម្មវិធី!

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា

(៨៥៥)៨៩ ៩៧២ ៦២០, piseypech@ticambodia.org

ទាញយកសេចក្ដីថ្លែងការណ៍ព័ត៌មាន ការផ្សព្វផ្សាយកម្មវិធីទូរស័ព្ទដៃ

###

អង្គការតម្លាភាពកម្ពុជា គឺជាសាខាក្នុងប្រទេសមួយនៃអង្គការតម្លាភាពអន្តរជាតិ ដែលជាចលនាឈានមុខជាសាកលក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ។ អង្គការតម្លាភាព​កម្ពុជា​​មានបេសកកម្ម ក្នុងការធ្វើការជាមួយបុគ្គល និងស្ថាប័នគ្រប់កម្រិតដូចជា៖ រដ្ឋាភិបាល សង្គមស៊ីវិល អាជីវកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងដៃគូដ៏ទៃទៀតរួមទាំងសាធារណជន ក្នុងការលើកកម្ពស់តម្លាភាព សុចរិតភាព និងគណនេយ្យភាព។ កាលពីថ្ងៃទី៣១​ ខែមីនា ឆ្នាំ២០២០ អង្គការតម្លាភាពកម្ពុជា បានចុះកិច្ចសហប្រតិបត្តិការរយៈពេល៣ឆ្នាំ ជាមួយក្រសួងមហាផ្ទៃ សម្រាប់អនុវត្តគម្រោង​ «ពង្រឹងសិទ្ធិអំណាចស្រ្តីវ័យក្មេងក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត និងជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែមានគណនេយ្យភាព»​។ ​គោលបំណងសំខាន់នៃគម្រោងគឺ ដើម្បីបង្កើតបរិយាកាស លើកកម្ពស់ និងពង្រឹងសិទ្ធិអំណាចយុវជន ជាពិសេសស្ត្រីវ័យក្មេង ក្នុងការចូលរួមវិភាគ ពិភាក្សាទៅលើការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ ដើម្បីជំរុញឱ្យកាន់តែមានភាពប្រសើរឡើងក្នុងការផ្តល់សេវាសាធារណៈនៅប្រទេសកម្ពុជា។