លទ្ធផល នៃការប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ២០២៣ នៅកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី0៨ ខែធ្នូ ឆ្នាំ២០២៣
នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ អង្គការតម្លាភាពកម្ពុជា(TI Cambodia) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJA) និងសមាគមបណ្តាញយុវជនកម្ពុជា(CYN) បានរួមគ្នាប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ទិវាប្រយុទ្ធប្រឆាំងអំពីពុករលួយឆ្នាំនេះត្រូវបានប្រារព្ធឡើងក្រោមមូលបទ «ការដឹកនាំមានសុចរិតភាព នាំមកនូវយុត្តិធម៌ និងវិបុលភាព» ដោយមានអ្នកចូលរួមសរុបប្រមាណ ១៥០នាក់ អញ្ជើញមកពីអង្គការសង្គមស៊ីវិល សហជីព សហគមន៍ អ្នកសិក្សាស្រាវជ្រាវ និងស្ថាប័នរាជរដ្ឋាភិបាល។មូលបទនៃទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំនេះ ផ្តោតលើទំនាក់ទំនងយ៉ាងសំខាន់រវាងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍។ មូលបទនេះសរបញ្ជាក់យ៉ាងច្បាស់ពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃអំពើពុករលួយមកលើការអភិវឌ្ឍន៍ផ្នែកនយោបាយ និងសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ ភាពស្ងៀមស្ងាត់មិនមែនជាជម្រើសទៀតទេ សម្រាប់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់។ យើងត្រូវធ្វើសកម្មភាពឥឡូវនេះ ដើម្បីលើកកម្ពស់សុចរិតភាព និងប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ដោយមានការដាក់ចេញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការអប់រំ វិធានការទប់ស្កាត់ និងការអនុវត្តក្របខណ្ឌច្បាប់ប្រឆាំងអំពើពុករលួយ ហើយក្នុងគោលបំណងគាំទ្រដល់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការចាត់វិធានការជាបន្ទាន់ដើម្បីផលប្រយោជន៍ជាតិ ដូចដែលបានបញ្ជាក់ដោយនាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងសារលិខិតអបអរសាទរទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ២០២៣ ដូច្នេះកិច្ចពិភាក្សាលើប្រធានបទមួយចំនួនត្រូវបានធ្វើឡើងនៅថ្ងៃនេះ ក្នុងគោលបំណងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធដើម្បីឱ្យរាជរដ្ឋាភិបាលសម្រេចបាននូវកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយរបស់ខ្លួន។ កិច្ចពិភាក្សាបានឈ្វេងយល់យ៉ាងច្បាស់អំពី ទំនាក់ទំនាក់ជាទូទៅនៃហានិភ័យចំពោះការកើតមានអំពីពុករលួយ និងផលប៉ះពាល់ដែលបណ្ដាលមកពីកង្វះសុចរិតភាពនយោបាយ និងសុចរិតភាពការបោះឆ្នោត ការមិនបង្ហាញព័ត៌មានអំពីអត្ថគាហកចុងក្រោយ ឬកម្មសិទ្ធិម្ចាស់អាជីវកម្មចុងក្រោយបង្អស់(Beneficial ownership)ក្នុងវិស័យអាជីវកម្ម និងការមិនមានតម្លាភាព ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់មន្ត្រីសាធារណៈនៅមានកម្រិត ព្រមទាំងកង្វះសុចរិតភាពលើហិរញ្ញវត្ថុនយោបាយជាដើម។ កិច្ចពិភាក្សាពេញអង្គបានអនុម័តអនុសាសន៍ដូចខាងក្រោម ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា គិតគូរពិចារណាលើអនុសាសន៍ទាំងអស់នេះ៖
១. សុចរិតភាពនយោបាយ
សុចរិតភាពនយោបាយ គឺជាការអនុវត្តអំណាចនយោបាយ ដើម្បីផលប្រយោជន៍សាធារណៈទាំងស្រុង ដោយមិនគិតពីផលប្រយោជន៍ឯកជន និងមិនប្រើប្រាស់អំណាចដើម្បីរក្សាទ្រព្យសម្បត្តិ និងមុខតំណែងផ្ទាល់ខ្លួន។ សុចរិតភាពនយោបាយ គួរត្រូវប្រកាន់ភ្ជាប់នៅក្នុងការដឹកនាំអណត្តិថ្មី។
សុចរិតភាពនយោបាយអាចកើតមានឡើង លុះត្រាតែមានការការពារនៅគ្រប់ដំណើរការនៃកិច្ចការ ឬសកម្មភាពនយោបាយ ដូចជាការបោះឆ្នោត ការចាត់តាំង និងការជ្រើសរើសថ្នាក់ដឹកនាំដែលកាន់អំណាចសាធារណៈ ដោយមិនទទួលរងឥទ្ធិពលជាប់ពាក់ព័ន្ធនឹងទំនាស់ផលប្រយោជន៍ ហើយភាគីពាក់ព័ន្ធទាំងអស់ជាពិសេសប្រជាពលរដ្ឋទទួលបានឱកាសចូលរួមដោយបើកចំហ ស្មើភាព និងមានអត្តន័យពេញលេញក្នុងការធ្វើសេចក្តីសម្រេចចិត្តនានា រួមទាំងការសម្រេចចិត្តផ្នែកនយោបាយ។ បន្ថែមពីនេះទៀត អ្នកទទួលបានអំណាចសាធារណៈ គឺចាំបាច់ត្រូវមានការតាមដាន និងត្រួតពិនិត្យពីសាធារណជន និងស្ថាប័នពាក់ព័ន្ធ រួមទាំងការទទួលទណ្ឌកម្មចំពោះការប្រើប្រាស់អំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ការមិនបើកចំហព័ត៌មាន ឬការមិនបានត្រួតពិនិត្យលើអ្នកកាន់អំណាចសាធារណៈ នឹងនាំឱ្យមានការប្រើប្រាស់ធនធាន និងគោលនយោបាយសាធារណៈឃ្លាតចាកឆ្ងាយពីផលប្រយោជន៍រួម ដែលនឹងធ្វើឱ្យមានវិសមភាព បំផ្លាញលទ្ធិប្រជាធិបតេយ្យ និងដកហូតសិទ្ធិពីប្រជាពលរដ្ឋ។
សុចរិតភាពនយោបាយ គឺជាការបង្ហាញនូវសកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយផ្នែកនយោបាយ ដែលជាទូទៅអ្នកសម្រេចចិត្តផ្នែកនយោបាយរៀបចំគោលនយោបាយ គ្រប់គ្រងស្ថាប័នសាធារណៈ នីតិវិធីនៃការអនុវត្តគោលនយោបាយ និងសេចក្តីសម្រេចនានា ដើម្បីប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនសម្រាប់ទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន។ អំពើពុករលួយផ្នែកនយោបាយរាប់បញ្ចូលទាំងទំនាស់ផលប្រយោជន៍ដ៏ធំធេងរវាងអ្នកនយោបាយជាប់ឆ្នោត ក្រុមគ្រួសាររបស់ពួកគេ និងបុគ្គលមានទំនាក់ទំនងជិតស្និទ្ធទទួលបានផលប្រយោជន៍ដ៏លើសលប់ ការប្រើប្រាស់ធនធានរបស់រដ្ឋមិនបានត្រឹមត្រូវ ដូចជាការកេងប្រវ័ញ្ចជាដើម ឬការចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ ឬគោលនយោបាយ មុនពេលដ៏ខ្លីមុនយុទ្ធនាការឃោសនាបោះឆ្នោតចូលមកដល់ ហើយនិងការទទួលរងឥទ្ធិពល ឬអត្ថប្រយោជន៍ពីក្រុមហ៊ុនអាជីវកម្មដែលគាំទ្របេក្ខជននយោបាយដើម្បីផ្តល់ផលប្រយោជន៍សម្រាប់អាជីវកម្មរបស់ពួកគេនៅពេលក្រោយ។ ការបំពានដោយគ្មានសីលធម៌នូវអំណាចសាធារណៈដូចបានលើកឡើងខាងលើ ដើម្បីបម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួន នាំឱ្យធ្លាក់ចុះនូវសុចរិតភាពនៃដំណើរការប្រជាធិបតេយ្យ និងបំផ្លាញទំនុកចិត្តសាធារណៈលើអភិបាលកិច្ច។
២. តម្លាភាពហិរញ្ញវត្ថុនយោបាយ
ហិរញ្ញវត្ថុនយោបាយ គឺជាគន្លឹះក្នុងការធានានូវសុចរិតភាពនៅក្នុងដំណើរការបោះឆ្នោត ដែលអាចនាំឱ្យមានការបោះឆ្នោតដោយសេរី យុត្តិធម៌ និងមានការប្រកួតប្រជែង។ ទោះបីជាច្បាប់ស្តីពីការបោះឆ្នោត និងច្បាប់ស្តីពីគណបក្សនយោបាយបានចែងប្បញ្ញត្តិមួយចំនួនអំពីប្រភពហិរញ្ញវត្ថុសម្រាប់គណបក្សនយោបាយក្ដី ច្បាប់ពុំមានការកំណត់និយមន័យគតិយុត្តិជាក់លាក់អំពីការបរិច្ចាគ ឬវិភាគទាន និងការកម្រិតលើទំហំនៃការបរិច្ចាគដល់គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ឬក៏ហាមដាច់ខាតចំពោះការបរិច្ចាគបែបអនាមិកដល់គណបក្សនយោបាយនោះឡើយ។ ច្បាប់ក៏មិនមានលក្ខខណ្ឌតម្រូវឱ្យបង្ហាញពីបុគ្គលនៃម្ចាស់កម្មសិទ្ធិទាក់ទងនឹងការផ្ដល់ហិរញ្ញវត្ថុដល់គណបក្សនយោបាយផងដែរ។ រាជរដ្ឋាភិបាលគួរតែពិចារណាលើការអនុម័តច្បាប់ស្តីពីហិរញ្ញវត្ថុនយោបាយ និងយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីធានាគណនេយ្យភាព តម្លាភាព និងលើកកម្ពស់សុចរិតភាពនយោបាយ។ ហិរញ្ញវត្ថុសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត និងការផ្តល់មូលនិធិដល់គណបក្សសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ ត្រូវតែប្រើប្រាស់ និងធ្វើឡើងដោយស្មើភាព និងមានគណនេយ្យភាព។ ការធ្វើឲ្យប្រសើរឡើងនូវតម្លាភាព និងការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពនៃហិរញ្ញវត្ថុនយោបាយ គួរតែត្រូវបានធានាតាមរយៈការបង្ហាញជាសាធរណៈនូវរបាយការណ៍ហិរញ្ញវត្ថុរបស់គណបក្ស នយោបាយ។ បទប្បញ្ញត្តិនេះនឹងបម្រើដល់ការពង្រឹងគណនេយ្យភាព និងធានានូវឱកាសប្រកួតប្រជែងស្មើគ្នាសម្រាប់គណបក្សនយោបាយទាំងអស់ ធានានូវឯករាជ្យភាពរបស់គណបក្សនយោបាយពីឥទ្ធិពលម្ចាស់ជំនួយ និងកាត់បន្ថយហានិភ័យនៃអំពើពុករលួយ។
៣. ការប្រកាសទ្រព្យសម្បត្តិ និងបំណុល
ការប្រកាសទ្រព្យសម្បត្តិ បំណុល និងផលប្រយោជន៍ផ្សេងទៀតដែលជាកម្មសិទ្ធិ ឬគ្រប់គ្រងដោយមន្ត្រីសាធារណៈ ក្រុមគ្រួសារ និងអ្នកមានទំនាក់ទំងជិតស្និទ្ធរបស់ពួកគេ បានក្លាយជាមធ្យោបាយដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅជុំវិញពិភពលោក។ ការប្រកាសទ្រព្យសម្បត្តិជួយឱ្យមានការបង្ការ ការកំណត់រក ការស៊ើបអង្កេត និងការកាត់ទោសករណីអំពើពុករលួយ។ របបប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់កម្ពុជាគួរតែត្រូវបានធ្វើឱ្យប្រសើរឡើងថែមទៀត ដោយមិនត្រឹមតែលុបឃ្លា “ចាត់ទុកជាសម្ងាត់ខ្ពស់បំផុត” នៅក្នុងមាត្រា២០ នៃច្បាប់ប្រឆាំងអំពើពុករលួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សព្វផ្សាយយ៉ាងហោចណាស់នូវសេចក្តីសង្ខេបអំពីការប្រកាសទ្រព្យសម្បត្តិរបស់មន្ត្រីសាធារណៈ ជាពិសេសមន្ត្រីដែលមានអំណាចសម្រេចចិត្តខ្ពស់ដូចជាមន្ត្រីនយោបាយជាដើម។ មាត្រា១៧ នៃច្បាប់នេះ គួរត្រូវធ្វើវិសោធនកម្ម ដើម្បីកំណត់លក្ខខណ្ឌតម្រូវឱ្យមានការប្រកាសទ្រព្យសម្បត្តិរបស់សហព័ទ្ធនៃមន្ត្រីសាធារណៈ។ ដំណើរការសម្រាប់ផ្ទៀងផ្ទាត់ការប្រកាសទ្រព្យសម្បត្តិគួរត្រូវបានរៀបចំឡើង ហើយព័ត៌មានអំពីដំណើរការផ្ទៀងផ្ទាត់គួរត្រូវបានចងក្រងរក្សាទុក និងអាចស្វែងរកបានជាសាធារណៈ។
៤. តម្លាភាពនៃអត្ថគាហកចុងក្រោយ (ម្ចាស់អាជីវកម្មចុងក្រោយបង្អស់ Beneficial Ownership)
ព័ត៌មានអំពីម្ចាស់អាជីវកម្មចុងក្រោយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលការប្រយុទ្ធប្រឆាំង និងធ្វើការស៊ើបអង្កេតករណីអំពើពុករលួយ។ រាជរដ្ឋាភិបាលគួរតែធ្វើឱ្យប្រសើរឡើង ឬធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីអាជីវកម្មដោយប្រមូល និងរក្សាទុកនូវព័ត៌មានស្ដីពីម្ចាស់អាជីវកម្មចុងក្រោយបង្អស់ នៅក្នុងដំណើរការចុះបញ្ជីអាជីវកម្ម។ ការចុះបញ្ជីអាជីវកម្មដែលមានព័ត៌មានអំពីប្រធានប្រតិបត្តិ និងម្ចាស់កម្មសិទ្ធិផ្ទាល់ និងរចនាសម្ព័នដឹកនាំត្រឹមត្រូវ គួរត្រូវបានចងក្រង និងរក្សាទុកលើប្រព័ន្ធគ្រប់គ្រងទិន្នន័យដែលអាចស្វែងរកបានតាមប្រព័ន្ធអ៊ីនធឺណែតដោយឥតគិតថ្លៃ។ ដើម្បីចូលរួមក្នុងដំណើរការប្រកួតប្រជែងការដេញថ្លៃក្នុងគម្រោងលទ្ធកម្មសាធារណៈ ក្រុមហ៊ុនអាជីវកម្មតម្រូវឲ្យរាយការណ៍ព័ត៌មានអំពីម្ចាស់ភាគហ៊ុន និងម្ចាស់អាជីវកម្មចុងក្រោយផងដែរ៕
ទាញយកលទ្ធផល នៃការប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ២០២៣ នៅកម្ពុជា
This post is also available in: អង់គ្លេស