Report Corruption by phone 092/069/060 57 87 87 Report Online

អនុសាសន៍របស់កិច្ចប្រជុំសមាជិកភាពប្រចាំឆ្នាំ២០២៣

អង្គការតម្លាភាពកម្ពុជា

ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៣:០០ ដល់ ១៩:០០ យប់

កិច្ចប្រជុំសមាជិកភាពប្រចាំឆ្នាំ (AMM) លើកទីពីរ របស់អង្គការតម្លាភាពកម្ពុជា (TI Cambodia) ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានចំប៉ី ហ្គាឌិន។ កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកទាំងអស់របស់អង្គការ ហើយមានគោលដៅត្រួតពិនិត្យឡើងវិញលើសកម្មភាព និងយុទ្ធសាស្រ្តរបស់អង្គការនៅក្នុងឆ្នាំកន្លងមក ពិភាក្សាអំពីបញ្ហាប្រឈមដែលស្ថាប័នបានជួបប្រទះ និងរៀបចំសកម្មភាព និងយុទ្ធសាស្រ្តសម្រាប់ឆ្នាំបន្ទាប់ៗទៀត។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោកស្រី ប៉ុក បុប្ផា ម៉ារីណា ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជា។ ក្នុងគោលដៅបន្តចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងលើកកម្ពស់តម្លាភាព និងអភិបាលកិច្ចល្អនៅកម្ពុជា អង្គប្រជុំក៏បានមូលមតិគ្នាដាក់ចេញនូវអនុសាសន៍ប្រាំបីចំណុច ដោយអំពាវនាវដល់ភាគីពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា៖

១.   បង្កើនតម្លាភាពនៅក្នុងលទ្ធកម្មរបស់រដ្ឋាភិបាល៖

ធានាថា សេចក្តីសម្រេចលើលទ្ធកម្ម និងព័ត៌មាននៅលើគ្រប់ដំណាក់កាលនៃដំណើរការលទ្ធកម្ម ត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅក្នុងទម្រង់ដែលមិនស្មុគ្រស្មាញ រួមទាំងតាមរយៈវែបផតថលផងដែរ។ ពង្រឹងការត្រួតពិនិត្យរបស់រដ្ឋ និង ការពិនិត្យតាមដានជាសាធារណៈលើសេវាកម្ម ឬ ផលិតផលដែលផ្តល់ដោយអ្នកទទួល​កិច្ចសន្យា។

២.   ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រឆាំងការសម្អាតប្រាក់

បន្តពង្រឹងឯករាជ្យភាពនៃប្រតិបត្តិការ និងសមត្ថភាពរបស់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។ ពង្រឹងការផ្សព្វផ្សាយព័ត៌មានសម្ងាត់ផ្នែកហិរញ្ញវត្ថុដល់អាជ្ញាធរអនុវត្តច្បាប់ ជាពិសេសបទឧក្រិដ្ឋដែលមានហានិភ័យខ្ពស់។ ពង្រឹងការត្រួតពិនិត្យប្រឆាំងការសម្អាតប្រាក់ក្នុងវិស័យមិនមែនហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសឧស្សាហកម្មល្បែងស៊ីសង និងអចលនទ្រព្យ។ បង្កើនការយល់ដឹងក្នុងចំណោមវិស័យឯកជនអំពីកាតព្វកិច្ចថ្មីៗ ពាក់ព័ន្ធនឹងទណ្ឌកម្មហិរញ្ញវត្ថុគោលដៅ ទាក់ទងនឹងកំណើនហិរញ្ញប្បទានយ៉ាងឆាប់រហ័ស និងការលើកកម្ពស់ការយល់ដឹងអំពីការគេចវេសពីទណ្ឌកម្ម។

៣.   លើកកម្ពស់សិទ្ធទទួលបានព័ត៌មាន

អនុម័ត និងអនុវត្តច្បាប់ គោលនយោបាយ និងការអនុវត្តនានា ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានអំពីការរៀបចំ ការប្រព្រឹត្តិទៅ និងដំណើរការធ្វើសេចក្តីសម្រេចរបស់រដ្ឋបាលសាធារណៈនៅកម្ពុជា។ អនុម័ត និងអនុវត្តច្បាប់ស្តីពីសិទ្ធទទួលបានព័ត៌មានប្រកបដោយប្រសិទ្ធភាព និងអនុលោមតាមស្តង់ដារអន្តរជាតិល្អបំផុត។ នេះរួមបញ្ចូលទាំងការបោះពុម្ពផ្សាយព័ត៌មានអំពីថវិការដ្ឋាភិបាល ចំណូល ចំណាយ និងទិន្នន័យពាក់ព័ន្ធដទៃទៀតផងដែរ។

៤.   បង្កើនការចូលរួមរបស់សាធារណជន៖

ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិបាលកិច្ច ជាពិសេសនៅក្នុងដំណើរការថវិកា អាចជួយបង្កើនតម្លាភាព និងគណនេយ្យភាពនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ នេះរួមបញ្ចូលការបង្កើតឱកាសសម្រាប់ប្រជាពលរដ្ឋក្នុងការចូលរួមនៅក្នុងការរៀបចំផែនការថវិកា ការពិនិត្យតាមដាន និងការវាយតម្លៃ។

៥.   ពង្រឹងការការពារអ្នករាយការណ៍អំពើពុករលួយ៖

ពង្រីកក្របខ័ណ្ឌការពារសាក្សី និងអ្នករាយការណ៍អំពើពុករលួយ តាមរយៈការតាក់តែងបទបញ្ញត្តិនានា ដើម្បីផ្តល់ការការពារយ៉ាងគ្រប់គ្រាន់ដល់អ្នករាយការណ៍ពីអំពើពុករលួយស្របតាមទម្លាប់អនុវត្តល្អបំផុតជាអន្តរជាតិ និងការរាយការណ៍ជាអនាមិកអំពីអំពើពុករលួយ តាមរយៈយន្តការដែលបានកំណត់យ៉ាងច្បាស់លាស់។ ត្រួតពិនិត្យឡើងវិញលើក្របខណ្ឌច្បាប់ទាំងឡាយណា ដែលអាចបង្កជាឧបសគ្គដល់អ្នករាយការណ៍ និងសាក្សីនៃអំពើពុករលួយ។

៦.   លើកកម្ពស់សេរីភាពសារព័ត៌មាន៖

សារព័ត៌មានដែលមានសេរីភាព មានសារសំខាន់ចំពោះការលើកកម្ពស់តម្លាភាពក្នុងវិស័យសាធារណៈ តាមរយៈការលាតត្រដាងការប្រព្រឹត្តអំពើពុករលួយ និងធ្វើឱ្យមន្ត្រីសាធារណៈមានគណនេយ្យភាពចំពោះសកម្មភាពរបស់ពួកគេ។  រដ្ឋាភិបាលគួរតែលើកកម្ពស់សេរីភាពសារព័ត៌មាន និងការពារអ្នកសារព័ត៌មានពីការបៀតបៀន និងការបំភិតបំភ័យ។

៧.   ជំរុញសុចរិតភាពក្នុងប្រព័ន្ធតុលាការ៖

ធានាថា ប្រព័ន្ធតុលាការមានគណនេយ្យភាពចំពោះស្ថាប័នឯករាជ្យទាំងស្រុង និងថា ការបំពានលើក្រមសីលធម៌នៅក្នុងប្រព័ន្ធតុលាការអាចត្រូវបានរាយការណ៍ និងត្រូវបានស៊ើបអង្កេត ដោះស្រាយ និងដាក់ទណ្ឌកម្ម។

៨.   ធានាបាននូវសុចរិតភាពនៃការបោះឆ្នោត៖

ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ គឺជាមូលដ្ឋាននៃភាពស្របច្បាប់តាមលទ្ធិប្រជាធិបតេយ្យ។ លទ្ធផលនៃការបោះឆ្នោតត្រូវតែឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវឆន្ទៈរបស់អ្នកបោះឆ្នោត។ ដូច្នេះវាជារឿងសំខាន់បំផុតដែលត្រូវធានាសុចរិតភាព និងទំនុកចិត្តរបស់ពលរដ្ឋចំពោះការបោះឆ្នោត ក៏ដូចជាបរិយាកាសអំណោយផលសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌។

ទាញយកអនុសាសន៍របស់កិច្ចប្រជុំសមាជិកភាពប្រចាំឆ្នាំ២០២៣

This post is also available in: អង់​គ្លេស