សេចក្តីថ្លែងការណ៍ព័ត៌មាន “ការស្ទង់មតិយុវជនស្ដីពីគោលនយោបាយ”
“ការស្ទង់មតិយុវជនស្ដីពីគោលនយោបាយបង្ហាញថាចំណេះដឹង និងការចូលរួមរបស់យុវជនកម្ពុជានៅមានកម្រិត
នៅក្នុងគោលនយោបាយសាធារណៈសំខាន់ៗ”
រាជធានីភ្នំពេញ ថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ – ការយល់ដឹងរបស់យុវជនកម្ពុជាទាក់ទងទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សំខាន់ៗរបស់រដ្ឋាភិបាលមានកម្រិតទាប ហើយពួកគេមានទស្សនៈផ្សេងគ្នាចំពោះប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីរបស់រដ្ឋាភិបាលទាក់ទងនឹងសុខភាព ការអប់រំ ការងារ និងការចូលរួមរបស់យុវជន។ នេះបើយោងតាមលទ្ធផលនៃការស្ទង់មតិដែលបានចេញផ្សាយដោយអង្គការតម្លាភាពកម្ពុជានៅថ្ងៃនេះ។
ការស្ទង់មតិថ្នាក់ជាតិនេះត្រូវបានធ្វើឡើងដោយផ្ទាល់មុខជាមួយយុវជនកម្ពុជា អាយុចន្លោះពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ ចំនួន១,៦០០នាក់ និងធានាកម្រិតនៃភាពលម្អៀង ± ពីរភាគរយ។ ការប្រមូលទិន្នន័យបានធ្វើឡើងរវាងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២១ នៅក្នុង២០០ភូមិ ទូទាំង២៥រាជធានី-ខេត្តនៃប្រទេសកម្ពុជា។
ការស្ទង់មតិនេះបានផ្តល់នូវការរកឃើញថ្មីៗអំពីកម្រិតនៃការចាប់អារម្មណ៍ និងចំណេះដឹងរបស់យុវជនទៅលើកិច្ចការរបស់រដ្ឋាភិបាល ជាពិសេសគោលនយោបាយសាធារណៈសំខាន់ៗ ព្រមទាំងតម្រូវការ និងឧបសគ្គរបស់យុវជនទាក់ទងនឹងសុខភាព ការអប់រំ ការងារ និងការចូលរួមរបស់ប្រជាពលរដ្ឋ ហើយនិងទស្សនៈរបស់ពួកគេអំពីការឆ្លើយតបរបស់រដ្ឋាភិបាលជុំវិញក្ដីបារម្ភ និងការរំពឹងទុកទាំងនេះ។
លទ្ធផលនៃការស្ទង់មតិបង្ហាញថា ការយល់ដឹងរបស់យុវជន ជាទូទៅអំពីយុទ្ធសាស្រ្តអភិវឌ្ឍន៍សំខាន់ៗរបស់ រដ្ឋាភិបាល និងជាពិសេសអំពីគោលនយោបាយយុវជន មានកម្រិតទាប។ ជាឧទាហរណ៍ ៩០% នៃអ្នកឆ្លើយតបសម្ភាសន៍បាននិយាយថា ពួកគេមិនធ្លាប់បានឮអំពីយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤នោះទេ។ ភាគរយស្ទើរតែដូចគ្នា (៨៩%) បាននិយាយថា ពួកគេមិនធ្លាប់បានឮអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។ ៨៤% បាននិយាយថា ពួកគេមិនបានដឹងអំពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឡើយ។ មានតែយុវជន ១៥% ប៉ុណ្ណោះ ដែលបាននិយាយថា ពួកគេធ្លាប់បានឮអំពីគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍យុវជន ឆ្នាំ២០១១។
បណ្ឌិត ជុនលី សិរីវិចិត្រ អ្នកដឹកនាំការសិក្សាស្រាវជ្រាវនេះ បានកត់សម្គាល់ថា ចំណេះដឹងមានកម្រិតរបស់យុវជនអំពីឯកសារគោលនយោបាយសំខាន់ៗរបស់រដ្ឋាភិបាល ឆ្លុះបញ្ចាំងមួយផ្នែកអំពីការខ្វះខាតការចាប់អារម្មណ៍ និងការយល់ដឹងក្នុងកិច្ចការសាធារណៈជាទូទៅ នៅក្នុងចំណោមពលរដ្ឋវ័យក្មេង។ លោកបានបន្ថែមថា “ប៉ុន្តែវាក៏បង្ហាញផងដែរថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីឱ្យយុវជន ដែលមានចំនួនច្រើនបើធៀបទៅនឹងក្រុមប្រជាសាស្រ្តផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ចូលរួមប្រកបដោយអត្ថន័យនៅក្នុងដំណើរការគោលនយោបាយ និងនយោបាយរបស់ប្រទេសជាតិ គឺនៅមិនទាន់គ្រប់គ្រាន់នៅឡើយ” ។
ការស្ទង់មតិក៏បានរកឃើញផងដែរថា ទោះបីជាយុវជនភាគច្រើនបាននិយាយថា កម្រិតជីវភាពរបស់ពួកគេមានភាពប្រសើរឡើងក្ដី ក៏ពួកគេនៅតែបន្តប្រឈមមុខនឹងឧបសគ្គផ្សេងៗ នៅពេលដែលនិយាយអំពីការថែទាំសុខភាព ការអប់រំ ការងារ និងការចូលរួមក្នុងសង្គមនយោបាយ។ តួយ៉ាង អ្នកចូលរួមក្នុងការស្ទង់មតិ ១៤% បានរាយការណ៍ថា កាលពីឆ្នាំមុន ពួកគេចាំបាច់ត្រូវពន្យារពេលទៅព្យាបាលជំងឺ ដោយសារពួកគេពុំមានលទ្ធភាពទូទាត់ថ្លៃព្យាបាល។ ក្នុងចំណោមយុវជនជាសិស្សនិស្សិត ជិតមួយភាគបី បាននិយាយថា ពួកគេមានការព្រួយបារម្ភអំពីការមិនមានប្រាក់គ្រប់គ្រាន់សម្រាប់បង់ថ្លៃសិក្សារបស់ពួកគេ។ នៅពេលនិយាយអំពីការងារ ៧៣% នៃអ្នកឆ្លើយតបសម្ភាសន៍បាននិយាយថា ពួកគេមិនបានទទួលព័ត៌មានគ្រប់គ្រាន់អំពីការងារនោះទេ។ ទន្ទឹមនឹងនេះដែរ ៨៤% បានគិតថា ពួកគេខ្វះជំនាញចាំបាច់ក្នុងការទទួលបានការងារណាមួយ។ ទាក់ទងនឹងការយល់ដឹងពីផ្នែកពលរដ្ឋ និងនយោបាយ យុវជនច្រើនជាង ៥០% មិនបានដឹងថាពួកគេមានសិទ្ធិចូលរួមក្នុងការរៀបចំ ឬតាមដានផែនការអភិវឌ្ឍន៍របស់អាជ្ញាធរមូលដ្ឋានរបស់ពួកគេទេ។ លើសពីនេះទៀត មានយុវជនតែម្នាក់ក្នុងចំណោមដប់នាក់ប៉ុណ្ណោះ ដែលធ្លាប់បានលើកឡើងអំពីតម្រូវការ ឬបញ្ហានានារបស់ពួកគេទៅកាន់មន្ត្រីសាធារណៈ។
បន្ថែមពីនេះ លទ្ធផលពីការស្ទង់មតិបង្ហាញថា ទស្សនៈរបស់យុវជនមានភាពខុសគ្នាទាក់ទងទៅនឹងការអនុវត្តការងាររបស់រដ្ឋាភិបាល និងគោលនយោបាយសាធារណៈក្នុងវិស័យសំខាន់ៗមួយចំនួន។ ឧទាហរណ៍៖ ២៩% នៃអ្នកឆ្លើយតបសម្ភាសន៍បានគិតថា គោលដៅនៃការលើកកម្ពស់ការផ្តល់សេវាសុខភាពសម្រាប់យុវជន ដូចដែលបានកំណត់នៅក្នុងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍យុវជន ឆ្នាំ២០១១ សម្រេចបានជោគជ័យពេញលេញ ឬភាគច្រើន ខណៈដែលយុវជនស្ទើរតែបួននាក់ក្នុងចំណោមដប់នាក់ (៣៨%) បាននិយាយថាគោលដៅនោះសម្រេចបានមួយផ្នែកប៉ុណ្ណោះ ឬបានតិចតួច។ ស្រដៀងគ្នានេះដែរ ទោះបីជាយុវជន ៤៤% បានគិតថា គោលដៅនៃការផ្តល់ការអប់រំប្រកបដោយគុណភាពដល់យុវជន ដូចដែលបានកំណត់ក្នុងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍យុវជនឆ្នាំ២០១១ សម្រេចបានជោគជ័យពេញលេញ ឬភាគច្រើនក៏ដោយ យុវជន ៣២% ផ្សេងទៀតបានជឿថា គោលដៅនោះសម្រេចបានមួយផ្នែក ឬតិចតួចប៉ុណ្ណោះ។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការស្ទង់មតិនេះ លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានមានប្រសាសន៍ថា ទិន្នន័យដែលផ្អែកលើភស្តុតាងច្បាស់លាស់ និងដែលអាចទុកចិត្តបាន អាចជួយដល់អ្នកបង្កើតគោលនយោបាយក្នុងការយល់ច្បាស់អំពីបញ្ហាដែលនៅក្នុងដៃ ហើយធានាថាគោលនយោបាយដែលពួកគេបង្កើតឡើងគឺមានភាពស៊ីជម្រៅ និងទទួលបានជោគជ័យ។ លោកបានបន្ថែមថា៖ “ដូច្នេះហើយ យើងសង្ឃឹមថា លទ្ធផលនៃការសិក្សានេះនឹងផ្តល់ឱ្យភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសរដ្ឋាភិបាល នូវព័ត៌មាន ឬធាតុចូលដ៏មានសារៈសំខាន់ ថាតើយុវជនកម្ពុជាយល់ឃើញដូចម្ដេចអំពីសុខុមាលភាពសង្គម និងសេដ្ឋកិច្ចរបស់ពួកគេ ធៀបនឹងគោលនយោបាយសាធារណៈដែលមានផលជះ ឬមានទំនាក់ទំនងជាមួយនឹងជីវិតរស់នៅរបស់ពួកគេ” ។
ក្នុងចំណោមការរកឃើញសំខាន់ៗផ្សេងទៀត ការស្ទង់មតិបង្ហាញថា ទោះបីជាមានបញ្ហាប្រឈមនាពេលបច្ចុប្បន្នក៏ដោយ ក៏យុវជនកម្ពុជាមានសុទិដ្ឋិនិយមថា សេវាសាធារណៈនឹងបន្តប្រសើរឡើងនាពេលអនាគតដ៏ខ្លីខាងមុខ។ ឆ្ពោះទៅពេលខាងមុខ យុវជនកម្ពុជាដែលចូលរួមក្នុងការស្ទង់មតិបាននិយាយថា ការកាត់បន្ថយអំពើពុករលួយគួរតែជាគោលនយោបាយអាទិភាពទីមួយសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ បន្ទាប់មកគឺការបង្កើនការងារ (៤៣%) ការកាត់បន្ថយភាពក្រីក្រ (៤០%) និងការបង្កើនគុណភាពនៃការអប់រំ (៣៨%)។
លោកពិសីបានកត់សម្គាល់ថា ការបង្កើនកិច្ចប្រឹងប្រែងរួមគ្នាពីភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋាភិបាល គឺជាការចាំបាច់ ដើម្បីដោះស្រាយតម្រូវការ ក្ដីបារម្ភ និងការរំពឹងទុកនាពេលបច្ចុប្បន្ន និងរយៈពេលវែងរបស់យុវជន ដូចដែលបានរកឃើញនៅក្នុងការស្ទង់មតិនេះ។ លោកបានបន្តថា៖ ”នេះអាចនឹងសម្រេចទៅបានដោយការដកចេញនូវរាល់ឧបសគ្គផ្នែកនយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ ដែលរារាំងយុវជនពីការរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ច និងសង្គម” ។
###
អង្គការតម្លាភាពកម្ពុជា (TI Cambodia) គឺជាតំណាងប្រចាំប្រទេសនៃតម្លាភាពអន្តរជាតិ ដែលជាចលនាសកលឈានមុខក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ យើងធ្វើការជាមួយរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អាជីវកម្ម ប្រព័ន្ធផ្សព្វផ្សាយ ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីលើកកម្ពស់តម្លាភាព សុចរិតភាព និងគណនេយ្យភាព។ ការស្ទង់មតិនេះ គឺជាផ្នែកមួយនៃការអនុវត្តគម្រោងពង្រឹងសិទ្ធិអំណាចស្រ្តីវ័យក្មេងក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត និងជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែមានគណនេយ្យភាព ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប(EU) និង ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត(Sida)។ គម្រោងនេះមានគោលបំណងបង្កើតបរិយាកាសអំណោយផល និងផ្តល់សិទ្ធិអំណាចដល់យុវជន ជាពិសេសស្ត្រីវ័យក្មេងក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ ជាពិសេសការឆ្លើយតបនឹងតម្រូវការយេនឌ័រ និងការកាត់បន្ថយអំពើពុករលួយនៅកម្ពុជា។
ដើម្បីទាញយករបាយការណ៍នៃការស្ទង់មតិទាំងភាសាខ្មែរ និងភាសាអង់គ្លេស សូមចូលទៅកាន់គេហទំព័ររបស់អង្គការតម្លាភាពកម្ពុជា៖ https://www.ticambodia.org/publications។
សម្រាប់ការធ្វើបទសម្ភាសន៍សូមទំនាក់ទំនង៖
- លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា
អ៊ីមែល៖ piseypech@ticambodia.org
- លោក ជុនលី សិរីវិចិត្រ ប្រធានកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍគម្រោងនៃអង្គការតម្លាភាពកម្ពុជា
អ៊ីមែល៖ csereyvicheth@ticambodia.org
ទាញយកសេចក្តីថ្លែងការណ៍ព័ត៌មាន ការស្ទង់មតិយុវជនស្ដីពីគោលនយោបាយ
ទាញយកបទបង្ហាញ ការស្ទង់មតិយុវជនស្ដីពីគោលនយោបាយ
This post is also available in: អង់គ្លេស