សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២៣
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤
សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI)ឆ្នាំ ២០២៣ ដែលចេញផ្សាយនៅថ្ងៃនេះដោយ អង្គការតម្លាភាពអន្តរជាតិ បង្ហាញថាប្រទេសកម្ពុជាទទួលបានពិន្ទុ ២២ លើពិន្ទុអតិបរមា ១០០ ដែលជាការថយចុះចំនួនពីរពិន្ទុធៀបនឹងឆ្នាំ២០២២។ ពិន្ទុនេះធ្វើឲ្យប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី ១៥៨ ក្នុងចំណោមប្រទេសចំនួន ១៨០ ដែលត្រូវបានវាយតម្លៃ ដោយថយចុះពីចំណាត់ថ្នាក់ទី ១៥០ កាលពីឆ្នាំមុន។ លទ្ធផលនេះបានបង្ហាញពីនិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដោយសារតែពិន្ទុ CPI របស់កម្ពុជា បន្តប្រែប្រួលឡើងចុះក្នុងចន្លោះពិន្ទុ ២០ បន្តិចបន្តួច ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ជាពិន្ទុដែលទាប បើទោះបីជាមានការប្រសើរឡើងនៅឆ្នាំខ្លះក្តី។
CPI ចាត់ថ្នាក់ប្រទេសនិងដែនដីចំនួន ១៨០ តាមកម្រិតនៃការយល់ឃើញអំពីអំពើពុករលួយ នៅក្នុងវិស័យ
សាធារណៈ ដោយប្រើប្រាស់មាត្រដ្ឋានពីពិន្ទុ ០ (ពុករលួយខ្លាំង) ដល់ ពិន្ទុ ១០០ (ស្អាតស្អំខ្លាំង)។ ពិន្ទុ CPI របស់
កម្ពុជាឆ្នាំ ២០២៣ នៅតែទាបជាងមធ្យមភាគពិន្ទុក្នុងតំបន់ និងសកលលោក។ នៅក្នុងតំបន់អាស៊ាន កម្ពុជានៅតែស្ថិតនៅជិតបាតតារាង ដោយនៅពីលើតែប្រទេសមីយ៉ាន់ម៉ាមួយប៉ុណ្ណោះ ដែលទទួលបានពិន្ទុ ២០។ នៅក្នុងតំបន់
អាស៊ីប៉ាស៊ីហ្វិក កម្ពុជាមានលេខរៀងទាបជាងគេបំផុតទីបួន ដោយនាំមុខតែអាហ្វហ្គានីស្ថាន (ពិន្ទុ២០) មីយ៉ាន់ម៉ា (ពិន្ទុ២០) និងកូរ៉េខាងជើង (ពិន្ទុ១៧)។ លទ្ធផលក្នុងចំណោមប្រជាជាតិអាស៊ានផ្សេងទៀតមានភាពខុសប្លែកគ្នា។ ពិន្ទុធ្លាក់ចុះសម្រាប់វៀតណាម (ពីពិន្ទុ ៤២ ទៅ ៤១) ថៃ (ពី ៣៦ ទៅ ៣៥) ឡាវ (ពី ៣១ ទៅ ២៨) និងមីយ៉ាន់ម៉ា (ពី ២៣ ទៅ ២០។ ផ្ទុយទៅវិញ គេឃើញមានចលនាកើនពិន្ទុជាវិជ្ជមាន ដោយក្នុងនោះម៉ាឡេស៊ី (កើនពីពិន្ទុ ៤៧ ដល់ ៥០) និងហ្វីលីពីន (កើន ៣៣ ដល់ ៣៤)។ ពិន្ទុរបស់សិង្ហបុរី (៨៣) និងឥណ្ឌូនេស៊ី (៣៤) នៅតែដដែលធៀបទៅនឹងឆ្នាំមុន។
ការវិភាគស៊ីជម្រៅរបស់អង្គការតម្លាភាពកម្ពុជាលើប្រភពទិន្នន័យសំខាន់ៗចំនួនប្រាំពីរនៅពីក្រោយសន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយ (CPI) របស់ប្រទេសកម្ពុជាឆ្នាំ ២០២៣ បង្ហាញពីកង្វះខាតវឌ្ឍនភាពក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងអំឡុងឆ្នាំកន្លងទៅ។ ប្រភពទិន្នន័យទាំងនេះចង្អុលបង្ហាញពីរូបភាពដ៏គួរឱ្យព្រួយបារម្ភនៃបញ្ហាប្រឈមរ៉ាំរ៉ៃៗនានា រួមមានកង្វះប្រសិទ្ធភាពក្នុងការផ្តន្ទាទោសមន្ត្រីពុករលួយ ការប្រើប្រាស់ធនធានដោយមិនត្រឹមត្រូវ និងយន្តការគណនេយ្យភាពទន់ខ្សោយ។ ប្រភពទិន្នន័យក៏គូសបង្ហាញពីហានិភ័យខ្ពស់នៃសំណូក និងការប្រព្រឹត្តពុករលួយក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ ប្រព័ន្ធតុលាការដែលមិនដំណើរការ និងកំណើនឥទ្ធិពលនៃផលប្រយោជន៍របស់ក្រុមមនុស្សមួយភាគតូច។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា៖ «ការធ្លាក់ចុះនៃពិន្ទុនេះគឺជាសញ្ញាបង្ហាញថាការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់កម្ពុជាកំពុងនៅស្ងៀមទ្រឹង។ ពិន្ទុនេះក៏ជាសារក្រើនរំលឹកមួយអំពីទំហំនៃបញ្ហាពុករលួយដែលកម្ពុជាបន្តប្រឈមមុខក្នុងគ្រប់វិស័យ។» លោកបន្តទៀតថា៖ «ថ្វីបើមានវឌ្ឍនភាពនៅក្នុងវិស័យមួយចំនួន ដូចជាការកៀរគរធនធាន និងសេវាសាធារណៈនៅថ្នាក់មូលដ្ឋានក្តី មតិអ្នកជំនាញនៅពីក្រោយCPI បានចង្អុលបង្ហាញយ៉ាងច្បាស់អំពីការបន្តកើតមាននូវអំពើពុករលួយខ្នាតធំ និងអំពើពុករលួយនយោបាយ ដែលក្នុងនោះកំណែទម្រង់សំខាន់ៗ ក្នុងគោលបំណងពង្រឹងនីតិរដ្ឋ និងយុត្តិធម៌បានជាប់គាំង»។
នៅទូទាំងពិភពលោក សន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយ (2023 Corruption Perceptions Index (CPI) ឆ្នាំ ២០២៣ បង្ហាញថា ប្រទេសភាគច្រើនមានភាពប្រសើរឡើងតិចតួច ឬមិនមានភាពប្រសើរឡើងសោះក្នុងការដោះស្រាយបញ្ហាអំពើពុករលួយក្នុងវិស័យសាធារណៈ។ ពិន្ទុមធ្យមភាគសកលរបស់ CPI នៅតែមិនផ្លាស់ប្តូរដោយនៅរក្សាពិន្ទុមធ្យមភាគ ៤៣ សម្រាប់ ១២ ឆ្នាំជាប់ៗគ្នា ដោយមានប្រទេសច្រើនជាង ២/៣ ទទួលបានពិន្ទុក្រោម៥០។ លទ្ធផលនេះបង្ហាញពីបញ្ហាអំពើពុករលួយធ្ងន់ធ្ងរ។
យោងតាមសន្ទស្សន៍នីតិរដ្ឋ(Rule of Law Index) ពិភពលោកកំពុងជួបប្រទះនឹងការធ្លាក់ចុះនៃដំណើរការនៃប្រព័ន្ធយុត្តិធម៌។ ប្រទេសដែលមានពិន្ទុទាបបំផុតនៅក្នុងសន្ទស្សន៍នេះ ក៏ទទួលបានពិន្ទុទាបបំផុតនៅ CPI ផងដែរ ដែលគូសបញ្ជាក់ពីទំនាក់ទំនងច្បាស់លាស់រវាងសិទ្ធិទទួលបានយុត្តិធម៌ និងអំពើពុករលួយ។ ទាំងរបបអាជ្ញានិយម ទាំងមេដឹកនាំប្រជាធិបតេយ្យដែលបំផ្លាញយុត្តិធម៌ បានរួមចំណែកដល់ការបង្កើននិទណ្ឌភាពពីអំពើពុករលួយហើយក្នុងករណីខ្លះ ថែមទាំងលើកទឹកចិត្តឱ្យមានអំពើពុករលួយដោយការដកចេញនូវផលវិបាកសម្រាប់អ្នកប្រព្រឹត្តខុស។ ផលប៉ះពាល់នៃសកម្មភាពរបស់ពួកគេអាចមើលឃើញបាននៅពេញសកលលោក រាប់ចាប់ពីប្រទេសវេណេ
ហ្ស៊ុយអេឡា (ពិន្ទុ ១៣) ដល់តាជីគីស្ថាន(ពិន្ទុ ២០)។
លោក François Valérian ប្រធានអង្គការតម្លាភាពអន្តរជាតិបានមានប្រសាសន៍ថា៖ «អំពើពុករលួយនឹងបន្តរីកធំធាត់ លុះត្រាតែប្រព័ន្ធយុត្តិធម៌អាចដាក់ទោសកំហុសអ្នកធ្វើខុស និងមានអំណាចត្រួតពិនិត្យទង្វើរបស់រដ្ឋាភិបាល។ នៅពេលយុត្តិធម៌ត្រូវបានគេទិញ ឬជ្រៀតជ្រែកបែបនយោបាយ ពិតហើយគឺពលរដ្ឋជាអ្នកឈឺចាប់។ មេដឹកនាំគួរតែវិនិយោគយ៉ាងពេញលេញ និងធានាឱ្យបាននូវឯករាជ្យភាពនៃស្ថាប័នដែលទ្រទ្រង់ច្បាប់ និងដោះស្រាយអំពើពុករលួយ។
វាដល់ពេលហើយ ដែលត្រូវបញ្ចប់និទណ្ឌភាពពីអំពើពុករលួយ»។
អង្គការតម្លាភាពកម្ពុជា សូមអំពាវនាវជាថ្មីដល់រដ្ឋាភិបាល ធ្វើការពង្រឹង និងពន្លឿនកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់របស់ខ្លួន ក្នុងការលុបបំបាត់អំពើពុករលួយ។ កា រណ៍នេះទាមទារឲ្យមានការអនុវត្តនូវវិធានការណ៍សំខាន់ៗមួយចំនួនដូចជា៖
- ផ្តន្ទាទោសរាល់អំពើពុករលួយ៖ ផ្តន្ទាទោសយ៉ាងលឿនរហ័សរាល់អំពើពុករលួយ ទាំងទ្រង់ទ្រាយតូចឬធំ ដោយច្បាប់ប្រកបដោយប្រសិទ្ធភាព និងការអនុវត្តយ៉ាងម៉ឺងម៉ាត់។ ធ្វើឱ្យការប្រព្រឹត្តអំពើពុករលួយមានហានិភ័យខ្ពស់ និងគ្មានរង្វាន់។
- ពង្រឹងគណនេយ្យភាពនិងការត្រួតពិនិត្យ៖ វប្បធម៌គណនេយ្យភាពទាមទារនូវការការពារនិងការលើកកម្ពស់សេរីភាពប្រជាធិបតេយ្យ រួមមានសេរីភាពនៃការបញ្ចេញមតិ សិទ្ធិនៃការជួបជុំ និងការប្រមូលផ្តុំ។ ការធានាយុត្តិធម៌សម្រាប់អ្នកការពារសិទ្ធិមនុស្ស និងការលើកកម្ពស់តួនាទីសំខាន់របស់ពួកគេក្នុងការត្រួតពិនិត្យគឺជារឿងសំខាន់បំផុត។ ស្ថាប័នសាធារណៈដែលទទួលបន្ទុកជាអ្នកត្រួតពិនិត្យ មានដូចជាទីភ្នាក់ងារប្រឆាំងអំពើពុករលួយ និងស្ថាប័នសវនកម្ម ត្រូវតែទទួលបានសិទ្ធិអំណាចនូវឯករាជ្យភាពនិងធនធានគ្រប់គ្រាន់ ដើម្បីស៊ើបអង្កេតនិងផ្ដន្ទាទោសចំពោះអំពើខុសឆ្គង។ ប្រព័ន្ធតុលាការឯករាជ្យ ដែលមិនទទួលរងឥទ្ធិពលនយោបាយមានសារៈសំខាន់ណាស់សម្រាប់ការត្រួតពិនិត្យអំណាចអង្គនីតិប្រតិបត្តិប្រកបដោយប្រសិទ្ធភាព។ ជាចុងក្រោយ ការបោះឆ្នោតប្រកបដោយតម្លាភាព និងយុត្តិធម៌ គឺជាកត្តាសំខាន់សម្រាប់ធានាថា ប្រជាពលរដ្ឋមានសំឡេងក្នុងការរៀបចំអនាគតរបស់ពួកគេ។
- ធ្វើទំនើបកម្មក្របខ័ណ្ឌច្បាប់ប្រឆាំងអំពើពុករលួយ៖ ធ្វើបច្ចុប្បន្នភាពច្បាប់ប្រឆាំងអំពើពុករលួយឱ្យស្របតាមស្តង់ដារអន្តរជាតិ។ អនុម័តច្បាប់ការពារបុគ្គលអ្នករាយការណ៍ និងក្រមសីលធម៌វិជ្ជាជីវៈសម្រាប់មន្ត្រី
សាធារណៈ។ - លើកកម្ពស់តម្លាភាព និងការត្រួតពិនិត្យសាធារណៈ៖ ធានាសិទ្ធិទទួលបានព័ត៌មានតាមរយៈច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានដ៏រឹងមាំ។ លើកកម្ពស់តម្លាភាពក្នុងការអនុវត្តរបស់រដ្ឋាភិបាលនិងការបែងចែកធនធាន។
- កម្រិតនៃការប្រកួតប្រជែងសម្រាប់អាជីវកម្ម៖ លើកកម្ពស់តម្លាភាពសាជីវកម្ម និងការប្រកួតប្រជែងដោយយុត្តិធម៌។ លុបបំបាត់ភាពលំអៀងក្នុងលទ្ធកម្មសាធារណៈ និងធានាការគោរពច្បាប់ដោយស្មើភាពសម្រាប់អាជីវកម្មទាំងអស់។
អំពីសន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយ
ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៩៥ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយបានក្លាយជាសូចនាករពិភពលោកឈានមុខគេអំពីអំពើពុករលួយក្នុងវិស័យសាធារណៈ។ សន្ទស្សន៍នេះផ្តល់ពិន្ទុដល់ប្រទេសនិងដែនដីចំនួន១៨០ ជុំវិញពិភពលោក ដោយផ្អែកលើការយល់ឃើញអំពីអំពើពុករលួយក្នុងវិស័យសាធារណៈ ដោយប្រើប្រាស់ទិន្នន័យពីប្រភពខាងក្រៅចំនួន ១៣ ដោយរួមមានធនាគារពិភពលោក វេទិកាសេដ្ឋកិច្ចពិភពលោក ទីភ្នាក់ងារប្រឹក្សាហានិភ័យនយោបាយនិងសេដ្ឋកិច្ចទ្វីបអាស៊ី ធនាគារគំនិត និងស្ថាប័នផ្សេងៗទៀត។ ពិន្ទុទាំងនេះឆ្លុះបញ្ចាំងពីទស្សនៈរបស់អ្នកជំនាញ និងធុរជន មិនមែនទស្សនៈរបស់សាធារណៈជនទេ។
ដំណើរការសម្រាប់ការគណនាពិន្ទុ CPI ត្រូវបានត្រួតពិនិត្យជាប្រចាំ ដើម្បីធ្វើឱ្យប្រាកដថាវាមានភាពរឹងមាំ និងមានភាពប្រទាក់ក្រឡាគ្នាតាមដែលអាចធ្វើទៅបានថ្មីៗនេះ ដោយមជ្ឈមណ្ឌលស្រាវជ្រាវរួមនៃគណៈកម្មការអឺរ៉ុបក្នុងឆ្នាំ២០១៧។ ពិន្ទុ CPI ចាប់ពីឆ្នាំ ២០១២ តទៅអាចជឿជាក់បានបើប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំ។
សម្រាប់ព័ត៌មានបន្ថែម សូមមើលអត្ថបទនេះ៖ The ABCs of the CPI: How the Corruption Perceptions Index is calculated
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
- លោក ប៉ិច ពិសី
នាយកប្រតិបត្តិ
អង្គការតម្លាភាពកម្ពុជា
Signal: +855 89 972 620
- លោក អ៊ឹម នរិន្ទ
នាយកកម្មវិធី
អង្គការតម្លាភាពកម្ពុជា
Signal: +855 12 713 330
ទាញយកបទបង្ហាញអំពីពិន្ទុកម្ពុជា
វិធីសាស្ត្រគណនាពិន្ទុសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ២០២៣
This post is also available in: អង់គ្លេស