Report Corruption by phone 092/069/060 57 87 87 Report Online

ពិធីចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងផ្ដល់ជំនួយហិរញ្ញវត្ថុដល់អង្គការដៃគូស្ថាប័ន

សេចក្តីប្រកាសព័ត៌មាន

រាជធានីភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយហិរញ្ញវត្ថុដល់អង្គការដៃគូ ដើម្បីអនុវត្តកម្មវិធីយុទ្ធសាស្រ្តរយៈពេល៣ឆ្នាំ (២០២០-២០២២)។ នៅក្នុងពិធីចុះហត្ថលេខានេះ អង្គការតម្លាភាពកម្ពុជា និង​អង្គការ​អាក់សិន​អេត​កម្ពុជា​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយហិរញ្ញវត្ថុដល់អង្គការដៃគូអនុវត្តគម្រោងសរុបចំនួន ៩ស្ថាប័ន ដែល​នឹង​រួមចំណែកនៅក្នុងការអនុវត្តកម្មវិធីយុទ្ធសាស្ត្រនេះ។

អង្គការតម្លាភាពកម្ពុជាបានទទួលមូលនិធិស្នូលពីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA) ដើម្បីអនុវត្តកម្មវិធីយុទ្ធសាស្រ្តរយៈពេល៣ឆ្នាំនេះ​​​​​ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និងការប្រឆាំងអំពើពុករលួយ។ ជាការចូលរួមបន្ថែម អង្គការតម្លាភាព​​កម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា ក៏ទទួលបានមូលនិធិពីសហភាពអឺរ៉ុប (EU) ដើម្បីអនុវត្តគម្រោងមួយដែលមានរយៈពេល ៣ឆ្នាំ ពង្រឹងសិទ្ធិអំណាចរបស់ស្រ្តីវ័យក្មេង ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែមានគណនេយ្យភាព។ គម្រោងនេះបាននិងកំពុងអនុវត្តនៅរាជធានីភ្នំពេញ និងនៅខេត្តគោលដៅចំនួន ៩ ដែលបានចាប់អនុវត្តកាលពីខែមករា ឆ្នាំ២០២០ និងត្រូវបញ្ចប់នៅខែធ្នូ ឆ្នាំ២០២២​ ជាមួយកញ្ចប់ថវិកាសរុបចំនួនជាង ២ លានអឺរ៉ូ។ កម្មវត្ថុចម្បងនៃការអនុវត្តគម្រោងនេះ គឺដើម្បីបង្កើតបរិយាកាសអំណោយផល និងពង្រឹងសិទ្ធិអំណាចយុវជន ជាពិសេសស្រ្តីវ័យក្មេង ក្នុងការចូលរួមសកម្មភាពក្នុងដំណើររការសម្រេចចិត្ត ដើម្បីពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសយក​ចិត្តទុកដាក់លើតម្រូវការយេនឌ័រ​ និងតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបែបច្នៃប្រឌិត និងផ្តល់ឱកាស ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាជាមួយមន្ត្រីទទួលបន្ទុកក្នុងការសម្រេចចិត្ត និងមន្ត្រីផ្តល់សេវាសាធារណៈនានានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ សកម្មភាពដ៏សំខាន់មួយនៅក្នុងគម្រោងនេះ គឺការផ្តល់ជំនួយហិរញ្ញវត្ថុដល់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អង្គការសហគមន៍ ក្រុមយុវជន និងប្រព័ន្ធផ្សព្វផ្សាយ។ ​ស្ថាប័នទាំងនេះ គឺជាតួអង្គដ៏សំខាន់ដែលអាចផ្សព្វផ្សាយ និងធ្វើការជាមួយក្រុមគោលដៅបានទូលំទូលាយទៅតាមតំបន់ប្រតិបត្តិការសកម្មភាពរបស់ខ្លួន ជាពិសេសជាមួយប្រជាពលរដ្ឋ ដែលមិនសូវត្រូវបានយកចិត្តទុកដាក់។

ជាលទ្ធផល តាមរយៈការជ្រើសរើសយ៉ាងហ្មត់ចត់ និងត្រឹមត្រូវ អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេត​កម្ពុជា​ បានជ្រើសរើសស្ថាប័នដៃគូចំនួន ៧ រួមមាន៖ ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ​(CamboJA) ក្រុមយុវជនកាហ្វេនយោបាយ ​(Politikoffee) ​អង្គការ​អភិវឌ្ឍ​ន៍​សំលេង​សហគមន៍ (BCV)  ​អង្គការ​ភាពជា​ដៃគូ​សង្គម​ស៊ីវិលកម្ពុជា​ (CCSP) ​អង្គការ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារ និងស្ត្រី​នៅ​កម្ពុជា​ (CWDCC) ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា (YCC) និងសារព័ត៌មានអេឡិចត្រូនិក​ថ្មីៗ (Thmeythmey.com) ដើម្បី​អនុវត្តសកម្មភាពមួយចំនួនដែល​រួមចំណែកដល់ការសម្រេចបាននូវលទ្ធផលរំពឹងទុករបស់គម្រោងនេះ។

លោក ហុង រស្មី នាយកប្រចាំប្រទេសនៃអង្គការអាក់សិនអេតកម្ពុជា បានលើកឡើងថា ៖ គម្រោងនេះនឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការសង្គមស៊ីវិល និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ​ ក្នុងការកសាងសមត្ថភាព ក៏ដូចជាលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងការតាមដានការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន។ នៅក្នុងសកម្មភាពស្នូលនៃគម្រោងនេះ យុវជននឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់គណនេយ្យភាពក្នុងការផ្តល់សេវា​​សាធារណៈ និងឆ្លើយតបនឹងតម្រូវការយេនឌ័រ។ ដូច្នេះហើយវត្តមានរបស់អង្គការសង្គមស៊ីវិល ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងយុវជន នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការអនុវត្តគម្រោងនេះ​។​

នៅក្នុងពិធីចុះហត្ថលេខានេះដែរ អង្គការតម្លាភាពកម្ពុជា ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ ដើម្បីបន្តការគាំទ្រដល់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) និងសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC)។ អង្គការតម្លាភាពកម្ពុជា នឹងបន្តកិច្ចសហការជាមួយស៊ីខៅឌូ ដើម្បីបន្តពង្រឹងភាពជាអ្នកដឹកនាំសហជីពជាស្រ្តី នៅក្នុងសកម្មភាពលើកកម្ពស់ការយល់ដឹង និងកសាងសមត្ថភាព ដើម្បីបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងសហជីព ក៏ដូចជាលើកកម្ពស់អភិបាលកិច្ចនៅក្នុងវិស័យកាត់ដេរឱ្យកាន់តែប្រសើរឡើង។ លើសពីនេះទៀត អង្គការតម្លាភាពកម្ពុជា ក៏បានបន្តកិច្ចសហប្រតិបត្តិការ ជាមួយសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC) ដើម្បីលើកកម្ពស់សុចរិតភាពធុរកិច្ចតាមបណ្តាលសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។

 

លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា៖ កិច្ចសហប្រតិបត្តិការរួមគ្នា តែងតែជាយុទ្ធសាស្ត្រស្នូលរបស់អង្គការតម្លាភាពកម្ពុជា។ កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នដៃគូពាក់ព័ន្ធ ដែលមានដូចជា រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងសមាគមធុរកិច្ច ដែលពោពេញទៅដោយជំនាញ និងបទពិសោធន៍ផ្សេងៗគ្នា នឹងរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តគម្រោងប្រកបទៅដោយភាពជោគជ័យ។​ អង្គការតម្លាភាពកម្ពុជា ឬអង្គការអាក់សិនអេតកម្ពុជាតែឯង មិនអាចធ្វើឱ្យគម្រោងនេះទទួលបានជោគជ័យបានឡើយ។ យើងជឿជាក់យ៉ាងមុតមាំថា យើងនឹង​កាន់តែរឹងមាំ ហើយអនុវត្តគម្រោងបានកាន់តែល្អប្រសើរ នៅពេលដែល​យើងមាន​គោលដៅច្បាស់លាស់ និងសហការជាមួយគ្នាល្អ។

អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា សូមថ្លែងអំណរគុណដល់ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិនៃប្រទេសស៊ុយអែត (SIDA)​ និង សហភាពអឺរ៉ុប​ (EU) ដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ រយៈពេល ៣ឆ្នាំ ដើម្បីអនុវត្តកម្មវិធីយុទ្ធសាស្រ្តរបស់យើង។ បើគ្មានការគាំទ្រទាំងនេះទេ យើងនឹងមិនអាចបន្តបេសកកម្ម ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និងការប្រឆាំងអំពើពុករលួយនៅប្រទេសកម្ពុជាឡើយ៕

សម្រាប់ការធ្វើបទសម្ភាសន៍សូមទំនាក់ទំនង៖

  • លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា
    ទូរស័ព្ទលេខ៖ (៨៥៥) ០៨៩ ៩៧២ ៦២០ អ៊ីមែល៖ piseypech@ticambodia.org
  • លោក ហុង រស្មី នាយកប្រចាំប្រទេសនៃអង្គការអាក់សិនអេតកម្ពុជា
    ទូរស័ព្ទលេខ៖ (៨៥៥) ១២​ ២០០ ៣៤១ អ៊ីមែល៖ reaksmey.hong@actionaid.org