Report Corruption by phone 092/069/060 57 87 87 Report Online

ខ្ញុំលែងទទួលយកប្រាក់សំណូកទៀតហើយ

“កាលពីមុន ពេលដែលពួកគេឱ្យលុយខ្ញុំ ៥,០០០រៀល ខ្ញុំទទួលយកវា ប៉ុន្តែឥឡូវនេះខ្ញុំមិនធ្វើដូចនេះទៀតទេ”។ នេះជាពាក្យសំដីពិតដែលលោកស្រី សុខ ចន្ធី បាននិយាយទាក់ទងនឹងលុយក្រៅផ្លូវការ ដែលពីមុនគេផ្តល់ជាសគុណជូនគាត់ជាធម្មតាក្នុងការចេញសំបុត្រកំណើត។ ក្នុងឆ្នាំ ២០១៤ លោកស្រី សុខ ចន្ធី មេឃុំរងទីមួយប្រចាំឃុំត្រពាំងសង្កែ ស្រុកឈូក ខេត្តកំពតត្រូវបានគេចាត់ឱ្យទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីអភិបាលកិច្ចល្អ និងការប្រឆាំងអំពើពុករលួយដែលបានរៀបចំឡើងដោយ CWDCC និងផ្តល់មូលនិធិដោយអង្គការតម្លាភាពកម្ពុជា។ គាត់បាននិយាយរៀបរាប់ពីវគ្គបណ្ដុះបណ្ដាលផ្តោតលើតម្លាភាព និងអភិបាលកិច្ចល្អដែលពាក់ព័ន្ធនឹងតួនាទី និងការងារប្រចាំថ្ងៃរបស់គាត់។

បន្ទាប់ពីបានចូលរួមវគ្គនេះហើយ គាត់ និងក្រុមការងារ ព្រមទាំងប្រជាជននៅក្នុងឃុំបានផ្លាស់ប្តូរទស្សនៈរបស់ពួកគាត់ចំពោះអំពើពុករលួយយ៉ាងគួរឱ្យកត់សម្គាល់។ គាត់បាននិយាយថា គាត់បានដឹង និងឈប់ប្រព្រឹត្តអំពើពុករលួយ ហើយគាត់បានយល់ច្បាស់ពីអភិបាលកិច្ចល្អផងដែរ។ គាត់បានបន្ថែមថា ឥឡូវនេះគាត់បានរកឃើញថាវាមានភាពងាយស្រូលក្នុងការពន្យល់ពាក្យអភិបាលកិច្ចល្អ និងអំពើពុករលួយទៅកាន់អ្នកភូមិ ដែលពីមុនមកគាត់មិនហ៊ាននិយាយបកស្រាយដោយសារតែគាត់មិនយល់ច្បាស់អំពីន័យទាំងនោះ។

ជាមួយនឹងស្ថានភាពរស់នៅក្រីក្រ លោកស្រី ចន្ធី តែងតែទទួលយកលុយ ២,០០០រៀល ឬច្រើនជាងនេះពីមនុស្សដែលបានមកធ្វើសំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកំណើត ឬឯកសារផ្សេងទៀត។ ទោះជាយ៉ាងណាក្ដី បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ គាត់ឈប់យកលុយដូចនោះទៀតហើយ។ ជាឧទាហរណ៍មួយ ស្ត្រីម្នាក់ដែលទើបតែនឹងងើបឡើងវិញពីភាពសម្រាលកូន ហើយប្ដីរបស់នាងបានទៅធ្វើការនៅប្រទេសថៃ បានមកធ្វើសំបុត្រកំណើតសម្រាប់កូនដែលទើបនឹងកើតរបស់នាងនៅសាលាឃុំ។ ដោយមានការអាណិតអាសូរចំពោះនាង លោកស្រីចន្ធី បានរៀបចំសំបុត្រកំណើត និងបានយកវាទៅដល់ផ្ទះរបស់ស្ត្រីនោះ។ លោកស្រី ចន្ធី ត្រូវបានស្ត្រីម្នាក់នោះជូនលុយចំនួន ៥,០០០រៀល ប៉ុន្តែគាត់បានបដិសេធចោល ទោះបីជាស្ត្រីនោះទទូចឱ្យគាត់ទទួលយកវាក៏ដោយ។ មិនត្រឹមតែលោកស្រី ចន្ធី ប៉ុណ្ណោះទេ ប៉ុន្តែមិត្តរួមការងាររបស់គាត់ម្នាក់ដែលមិនបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះផង ក៏បានឈប់ទទួលយកការបង់ប្រាក់ក្រៅផ្លូវការពីប្រជាជនដែរ។ មិត្តរួមការងាររបស់គាត់ក៏បានដាក់បង្ហាញបញ្ជីនៃតម្លៃសេវាសាធារណៈនៅជ្រុងម្ខាងនៃតុរបស់គាត់ បន្ទាប់ពីគាត់បានរៀនអំពីតម្លៃសេវាសាធារណៈ និងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយពីលោកស្រី ចន្ធី ផងដែរ។

ចំណុចផ្លាស់ប្ដូរដែលគួរឱ្យកត់សម្គាល់មួយទៀត បានមកពីលទ្ធផលនៃការចូលរួមរបស់គាត់ជាមួយ CWDCC ដែលបានបង្កើនការយល់ដឹងរបស់ប្រជាជនក្នុងឃុំត្រពាំងសង្កែទាក់ទងនឹងតម្លៃសេវាសាធារណៈ។ លោកស្រី ចន្ធី និងក្រុមការងាររបស់គាត់បានធ្វើការជាមួយ CWDCC ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីកម្រៃសេវារដ្ឋបាលសម្រាប់សេវាសាធារណៈនៅក្នុងភូមិបីខុសគ្នា ប្រាប់ប្រជាជនឱ្យបង់ថ្លៃត្រឹមត្រូវតាមផ្លូវការ និងសួររកវិក័យប័ត្រសម្រាប់ការបង់ថ្លៃនីមួយៗ។

កំឡុងពេលបីអាណត្តិការងាររបស់គាត់ក្នុងឃុំត្រពាំងសង្កែ គាត់បានសង្កេតឃើញថា ២ឆ្នាំចុងក្រោយ ប្រមាណជា ៧០% នៃ១,០៦២ គ្រួសារបានបង្កើនការយល់ដឹងពីតម្លៃសេវាសាធារណៈ ធៀបទៅពីមុនដែលតិចជាង ៥០%។ គាត់បានបន្តថា ប្រជាជន ៥នាក់ ក្នុងចំណោម ១០នាក់ បានពឹងពាក់លើឈ្មួញកណ្ដាលដើម្បីជួយឱ្យពួកគេទទួលបានសេវាសាធារណៈ ដែលធ្វើឱ្យពូកគេបង់ប្រាក់ច្រើនជាងតម្លៃសេវាពិតប្រាកដ។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះប្រជាជន ៨នាក់ ក្នុងចំណោម ១០នាក់ មកទទួលសេវារដ្ឋបាលដោយខ្លួនពួកគេផ្ទាល់។ កំណើននៃការយល់ដឹងរបស់ប្រជាជនពីសេវាសាធារណៈគឺដោយសារតែកិច្ចខិតខំប្រឹងប្រែងយ៉ាងចម្បងពី លោកស្រី ចន្ធី និងក្រុមការងាររបស់គាត់។

លោកស្រី ចន្ធី បានសង្កត់ធ្ងន់ថា “តម្លាភាព និងអភិបាលកិច្ចល្អមិនអាចសម្រេចទៅបានដោយសកម្មភាពរបស់មនុស្សតែម្នាក់បានទេ ប៉ុន្តែដោយសកម្មភាពរួមរបស់មនុស្សគ្រប់គ្នានៅជុំវិញយើង។” ការប្ដេជ្ញាចិត្តយ៉ាងមុតមាំ និងការយល់ដឹងពីច្បាប់របស់គាត់ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលគឺជាការលើកទឹកចិត្តដ៏សំខាន់ដែលបានផ្លាស់ប្ដូរផ្នត់គំនិតរបស់គាត់ចំពោះអំពើពុករលួយ។ លោកស្រី ចន្ធី បានលើកឡើងថា ប្រសិនបើសង្គមមួយមានមេដឹកនាំពុករលួយ គ្មានអ្វីនឹងត្រូវបានធ្វើឱ្យប្រសើរឡើងឡើយ ប៉ុន្ដែបើយើងទាំងអស់គ្នាមានការប្ដេជ្ញាចិត្តក្នុងការធ្វើអំពើល្អ សង្គមរបស់យើងនឹងប្រសើរឡើង។

This post is also available in: អង់​គ្លេស

Leave a Reply