Report Corruption by phone 092/069/060 57 87 87 Report Online

សេចក្ដីថ្លែងការណ៍ព័ត៌មាន ទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២២

រាជធានីភ្នំពេញថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២៖ អង្គការតម្លាភាពកម្ពុជា សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថាខេមបូចា វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែប  ប្រជាធិបតេយ្យ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​ ​អង្គការដាយកូនៀរ និង​អង្គការអាក់សិនអេតកម្ពុជា បានចូលរួមជាមួយពិភពលោកក្នុងការរៀបចំប្រារព្ធទិវាប្រឆាំងអំពើ                   ពុករលួយអន្តរជាតិ ឆ្នាំ២០២២ ក្រោមពាក្យស្លោក ពិភពលោករួមគ្នាប្រឆាំងនឹងអំពើពុករលួយ។ ព្រឹត្តិការណ៍មួយថ្ងៃនេះមានគោលបំណងកៀរគរភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហជីព សកម្មជនយុវជន និងប្រជាពលរដ្ឋដែលងាយរងគ្រោះ ដើម្បីពិភាក្សាអំពីបញ្ហាអំពើពុករលួយសំខាន់ៗនៅកម្ពុជា ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចសង្គម និងនយោបាយ ហើយនិងជម្រើសគោលនយោបាយ ព្រមទាំងដំណោះស្រាយសមស្រប ដើម្បីឆ្លើយតបទៅនឹងបញ្ហាទាំងនោះ។ ទិវាប្រឆាំងអំពើពុករលួយក៏បានផ្តល់ឱកាសសម្រាប់គ្រប់ភាគីពាក់ព័ន្ធដើម្បីឆ្លុះបញ្ចាំងថាតើកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយបានសម្រេចជោគជ័យដល់កម្រិតណានៅទូទាំងពិភពលោក ជាពិសេសនៅប្រទេសកម្ពុជា ហើយកំណត់រកបញ្ហាប្រឈមសម្រាប់សកម្មជន និងចលនាប្រឆាំងអំពើពុករលួយ រួមទាំងទិសដៅបន្ទាប់។

ដើម្បីសម្រេចគោលបំណងខាងលើ សកម្មភាពមួយចំនួនទាក់ទងនឹងបញ្ហាអំពើពុករលួយ និងការប្រឆាំងអំពើពុករលួយត្រូវបានរៀបចំឡើង។ ទាំងនេះរួមមានកិច្ចពិភាក្សាស្តីពី “ការប្រឆាំងអំពើពុករលួយ៖ ការចូលរួម ការការពារ និងលំហសិទ្ធិសេរីភាព” និងសិក្ខាសាលាក្រោមប្រធានបទដូចជា “អំពើពុករលួយនយោបាយ៖ បរិបាលភាព នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ” “កម្ពុជាក្នុងចំណុចរបត់៖ ការលាងលុយ និងការជួញដូរមនុស្ស” និង “ការលុបបំបាត់ទំនាស់ផលប្រយោជន៍៖ មាគ៌ាឆ្ពោះទៅការប្រកួតប្រជែងដោយស្មើភាពក្នុងវិស័យឯកជន”។ លើសពីនេះ ព្រឹត្តិការណ៍នេះក៏បានចាក់បញ្ចាំងវីដេអូខ្លីៗចំនួន៣ ដែលបានឈ្នះការប្រកួតពានរង្វាន់ ក៏ដូចជាវីដេអូខ្លីមួយចំនួនស្ដីពីតួនាទី និងសារៈសំខាន់របស់​ស្ត្រី និងយុវជនក្នុងការប្រឆាំងអំពើពុករលួយដែលត្រូវបានជ្រើសរើសជាជ័យលាភីសម្រាប់ការប្រកួតពានរង្វាន់របស់អង្គការតម្លាភាពកម្ពុជា។ ជារួម ព្រឹត្តិការណ៍នេះបានទទួលការចូលរួមពីមនុស្សចំនួន ១៩២នាក់(ស្ត្រី១៣០នាក់) ដែលជាយុវជន និងតំណាងស្ថាប័នចំនួន២២ រួមមាន រដ្ឋាភិបាល អង្គការសង្គមស៊ីវិល វិស័យឯកជន សហជីព និងប្រព័ន្ធផ្សព្វផ្សាយ។

ថ្លែងក្នុងព្រឹត្តិការណ៍នេះ តំណាងអង្គការតម្លាភាពកម្ពុជា បណ្ឌិត រ៉ូ វណ្ណៈ មានប្រសាសន៍ថា កម្ពុជាសម្រេចបាននូវវឌ្ឍនភាពមួយចំនួនគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ លោកបានកត់សម្គាល់ថា “ការស្ទង់មតិដែលត្រូវបាន​ធ្វើឡើងជាបន្តបន្ទាប់ដោយអង្គការតម្លាភាពអន្តរជាតិ ជាឧទាហរណ៍ បានបង្ហាញថា អំពើពុករលួយខ្នាតតូច​ក្នុងទម្រង់ជាអំពើស៊ីសំណូកនៅក្នុងការផ្តល់សេវាសាធារណៈទូទៅបានធ្លាក់ចុះក្នុងទសវត្សរ៍ចុងក្រោយ”។ “ទោះជា​យ៉ាង​​នេះក្តី អំពើពុករលួយជារួមនៅតែជាបញ្ហាចម្បងសម្រាប់ប្រទេសកម្ពុជា។ តួយ៉ាង នៅក្នុងសន្ទស្សន៍នៃការយល់ឃើញ​ពីអំពើពុករលួយ ឆ្នាំ២០២១ ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១៥៧ ក្នុងចំណោមប្រទេសចំនួន ១៨០ ដែលត្រូវបានវាយតម្លៃ។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជាគឺដូចកាលពី២ឆ្នាំកន្លងទៅ បានជាប់ចំណាត់ថ្នាក់ទាប​ជាងគេ។ លើសពីនេះទៀត យោងតាមសូចនាករអភិបាលកិច្ចពិភពលោក ឆ្នាំ២០២០ របស់ធនាគារពិភពលោកដែល​វាស់​វែងទិដ្ឋភាពសំខាន់ៗចំនួន៦នៃអភិបាលកិច្ច កម្ពុជានៅតែស្ថិតក្នុងស្ថានភាពមិនប្រសើរសម្រាប់គ្រប់សូចនាករ  រួមទាំងការគ្រប់គ្រងអំពើពុករលួយផងដែរ”។

ជុំវិញស្ថានភាពអំពើពុករលួយនៅកម្ពុជា ក៏ដូចជាវិធីដោះស្រាយបញ្ហានេះ លោក ប៉ិច ពិសី នាយកប្រតិបត្តិ   អង្គការតម្លាភាពកម្ពុជាមានប្រសាសន៍ថា ការកាត់បន្ថយអំពើពុករលួយទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋទូទៅ។ លោកបានកត់សម្គាល់ថា “យ៉ាងណាក៏ដោយ ការស្រាវជ្រាវរបស់អង្គការតម្លាភាពកម្ពុជា រួមទាំងការស្ទង់មតិថ្នាក់ជាតិនាពេលថ្មីៗនេះបង្ហាញថា សាធារណៈជនកម្ពុជា ជាពិសេសយុវជនមានការស្ទាក់ស្ទើរក្នុងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។ មូលហេតុមួយដែលត្រូវបានលើកឡើងជាទូទៅ គឺកង្វះបរិយាកាសដែលអំណោចផល”។

ទោះបីជាមានឧបសគ្គរារាំងចលនាប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជា លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJA)ដែលសហការរៀបចំព្រឹត្តិការណ៍នេះ បានថ្លែងក្នុងសុន្ទរកថាបិទកម្មវិធីថា៖ “ខ្ញុំនៅតែមានក្តីសង្ឃឹមខ្ពស់ចំពោះពលរដ្ឋវ័យក្មេង ដែលតួនាទី​របស់​ពួកគេ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​អំពើ​ពុករលួយ មានសារៈ​សំខាន់​ណាស់”។ លោកបានសង្កត់ធ្ងន់ថា ការចូលរួមរបស់យុវជននៅថ្ងៃនេះនឹងចូលរួមចំណែកកសាងសង្គមមួយដែលស្អាតស្អំនាពេលអនាគត។ លោក វី ក៏បានជំរុញឱ្យយុវជនកម្ពុជាស្វែងរកចំណេះដឹង និងទាញយកគុណប្រយោជន៍នៃ   បច្ចេកវិទ្យាដើម្បីចូលរួមលុបបំបាត់អំពើពុករលួយនៅក្នុងប្រទេសប្រកបដោយប្រសិទ្ធភាព។

តាមរយៈកិច្ចពិភាក្សា និងការប្រមូលធាតុចូលពីអ្នកជំនាញ និងអ្នកចូលរួមទៅលើប្រធានបទទាំងអស់ខាងលើ អង្គការតម្លាភាពកម្ពុជា និងអង្គការសមាជិកនៃក្រុមការងារប្រឆាំងអំពើពុករលួយសូមអំពាវនាវដល់រដ្ឋាភិបាលដើម្បីជំរុញរបៀបវារៈកំណែទម្រង់ការប្រឆាំងអំពើពុករលួយរបស់ខ្លួនដោយ៖

  • គោរពសិទ្ធិចាំបាច់ដើម្បីធ្វើឱ្យស្ថាប័ន/បុគ្គលដែលមានតួនាទីនិងអំណាចមានការទទួលខុសត្រូវ។ រដ្ឋាភិបាលគួរបញ្ចប់ការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិនៃការជួបជុំ និងការប្រមូលផ្តុំ ហើយធានាថាយុត្តិធម៌ចំពោះបទល្មើសប្រឆាំងអ្នកការពារសិទ្ធិមនុស្សត្រូវតែជាកិច្ចការអាទិភាពបំផុត។
  • ស្ដារ និងពង្រឹងយន្តការត្រួតពិនិត្យស្ថាប័ន/បុគ្គលដែលមានតួនាទីនិងអំណាច។ ស្ថាប័នសាធារណៈដែលទទួល​បន្ទុកជាអ្នកត្រួតពិនិត្យមានដូចជា ភ្នាក់ងារប្រឆាំងអំពើពុករលួយ និងស្ថាប័នសវនកម្ម ត្រូវតែមានឯករាជ្យភាព មានធនធានគ្រប់គ្រាន់ និងត្រូវបានផ្ដល់សិទ្ធិអំណាចដើម្បីស្វែងរក និងផ្ដន្ទាទោសចំពោះអំពើខុសឆ្គង។ រដ្ឋសភា និងតុលាការត្រូវតែមានឯករាជ្យភាព និងអាចទប់ស្កាត់ការបំពានហួសដែនសមត្ថកិច្ចរបស់អង្គនីតិប្រតិបត្តិ។
  • ធ្វើវិសោធនកម្ម/អនុម័តបទប្បញ្ញត្តិប្រឆាំងអំពើពុករលួយ និងធានាថាបទប្បញ្ញត្តិនោះស្របតាមបទដ្ឋាន និងការអនុវត្តតាមគោលការណ៍អន្តរជាតិ ដែលរួមមាន៖ ការធ្វើវិសោធនកម្មលើមាត្រាមួយចំនួនក្នុងច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ជាពិសេសមាត្រាដែលពាក់ព័ន្ធនឹងការប្រកាសទ្រព្យសម្បត្តិ និងការបរិហារបង្កាច់កេរ្តិ៍ ឬការរាយការណ៍មិនពិត និងការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន និងច្បាប់ស្ដីពីការការពារបុគ្គលរាយការណ៍ សាក្សី អ្នកជំនាញ និងជនរងគ្រោះ ការអនុម័តសេចក្ដីព្រាងច្បាប់ស្ដី លទ្ធកម្មសាធារណៈ ហើយនិងសេចក្ដីព្រាងក្រមសីលធម៌វិជ្ជាជីវៈសម្រាប់មន្ត្រីសាធារណៈ ព្រមទាំងការរៀបចំឱ្យមានបទប្បញ្ញត្តិ ស្ដីពី ចំណូល និងចំណាយរបស់គណបក្សនយោបាយទៅលើយុទ្ធនាការបោះឆ្នោត។
  • ធ្វើឱ្យកាន់តែប្រសើរឡើងនូវការប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់វិស័យឯកជន រួមមាន ការលើកកម្ពស់ការចែករំលែកព័ត៌មាន និងចំណេះដឹងអំពីការអនុលោមតាមច្បាប់ និងសុចរិតភាពធុរកិច្ចក្នុងចំណោមវិស័យឯកជន ការពង្រឹងការអនុវត្តការងាររបស់មន្ត្រីសាធារណៈនៅគ្រប់កម្រិត ការកាត់បន្ថយទំនាស់ផលប្រយោជន៍ ការលើកកម្ពស់តម្លាភាពលើកម្មសិទ្ធិសាជីវកម្ម លទ្ធកម្មសាធារណៈ និងការគោរពច្បាប់ដោយស្មើភាព។
  • លើកកម្ពស់ការប្រឆាំងការលាងលុយកខ្វក់ និងការប្រឆាំងការជួញដូរមនុស្ស។ រដ្ឋាភិបាលគួរមានឆន្ទៈនយោបាយដ៏មុតមាំក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌច្បាប់ និងគោលនយោបាយពាក់ព័ន្ធ កសាងចំណេះដឹង និងជំនាញចាំបាច់សម្រាប់មន្ត្រីពាក់ព័ន្ធ បុរេសកម្មក្នុងការស៊ើបអង្កេតករណីសង្ស័យ ហើយផ្តន្ទាទោសឧក្រិដ្ឋជនដោយមិនអត់ឱន និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសដទៃ។

អង្គការតម្លាភាពកម្ពុជា និងអង្គការសមាជិកនៃក្រុមការងារប្រឆាំងអំពើពុករលួយ ប្តេជ្ញា និងត្រៀមខ្លួនរួចជាស្រេច​ដើម្បីចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងការជួយអនុវត្តរបៀបវារៈកំណែទម្រង់សំខាន់ៗ ដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព និងនីតិរដ្ឋឱ្យ​កាន់តែប្រសើរឡើងនៅក្នុងប្រទេស។

ទាញយកសេចក្ដីថ្លែងការណ៍ព័ត៌មាន ទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២២

###

This post is also available in: អង់​គ្លេស