Report Corruption by phone 092/069/060 57 87 87 Report Online

សេចក្ដីថ្លែងការណ៍ព័ត៌មាន «វេទិកាយុវជនថ្នាក់ជាតិឆ្នាំ២០២២»

រាជធានីភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២៖ អង្គការតម្លាភាពកម្ពុជា (TI Cambodia) អង្គការ អាក់សិនអេតកម្ពុជា (AAC) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អង្គការ​សិល្បៈ​ខ្មែរ​អមតៈ (CLA) អង្គការដាយកូនា (Diakonia) អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) និងបណ្តាញយុវជន បានរួមគ្នារៀបចំ «វេទិកាយុវជនថ្នាក់ជាតិឆ្នាំ២០២២»។ វេទិកានេះ គឺជាផ្នែកមួយនៃការចូលរួមប្រារព្ធទិវាយុវជនអន្តរជាតិឆ្នាំ២០២២ ក្នុងគោលបំណងបង្ហាញពីសារៈសំខាន់នៃការចូលរួមរបស់យុវជន ដែលជាធាតុផ្សំដ៏សំខាន់នៃសង្គមមួយដែលប្រកបដោយបរិយាបន្ន។

   វេទិកាយុវជនថ្នាក់ជាតិឆ្នាំ២០២២ ត្រូវបានរៀបចំឡើងក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីអង្គការតម្លាភាពអន្តរជាតិ (TI) ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (Sida) សហភាពអឺរ៉ុប (EU) និងទីភ្នាក់ងារជំនួយអាមេរិក (USAID)។ វេទិកាយុវជននេះបានប្រមូលផ្តុំក្រុមយុវជន ភ្ញៀវកិត្តិយស វាគ្មិន និងតំណាង ពីរដ្ឋាភិបាល សង្គមស៊ីវិល គ្រឹះស្ថានអប់រំ និងដៃគូអភិវឌ្ឍន៍អន្តរជាតិ ក្នុងគោលបំណងបង្ហាញ និងលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងកិច្ចការអភិបាលកិច្ច និងការអភិវឌ្ឍ ក៏ដូចជាដំណើរការធ្វើសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលនៅប្រទេសកម្ពុជា។           

       ថ្លែងនៅក្នុងសន្ទរកថាស្វាគមន៍ លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានលើកឡើងថា៖  “ខណៈដែលប្រជាជនវ័យក្មេង​ក្នុងប្រទេសកម្ពុជាមានចំនួនច្រើន មានការស្រាវជ្រាវមួយចំនួនបានបង្ហាញថាពួកគេនៅតែបន្តជួបនឹងឧបសគ្គសំខាន់ៗនៅក្នុងការចូលរួមក្នុងសង្គម និងនយោបាយ។ បញ្ហាទាំងនេះរួមមានកង្វះការយល់ដឹងអំពីសិទ្ធិនយោបាយរបស់ពួកគេ ចំណេះដឹងនិងចំណាប់អារម្មណ៍ទាក់ទងនឹងកិច្ចការងារសាធារណៈរបស់ប្រទេសជាតិនៅមានកម្រិត និងកង្វះការចូលរួមក្នុងកិច្ចការរដ្ឋាភិបាលនៅគ្រប់កម្រិត។ ការរៀបចំវេទិកាយុវជននេះ គឺជាការឆ្លើយតបមួយទៅនឹងបញ្ហាប្រឈមសំខាន់ៗដែលបានលើកឡើងទាំងនេះ»។

         ​វេទិកាយុវជននេះមានអ្នកចូលរួមប្រមាណ ១២០នាក់ ដែលជាតំណាងអង្គការសង្គមស៊ីវិល ក្រសួងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងក្រុមយុវជន។

       ថ្លែងក្នុងកម្មវិធីនេះ លោកស្រី អេង ចាន់ឌី នាយិកាប្រតិបត្តិអង្គការ GADC និងជាតំណាងគណៈកម្មការ រៀបចំវេទិកាយុវជនបានមានប្រសាសន៍ថា៖ “វេទិកាយុវជននេះបានផ្តល់ឱកាសឱ្យអ្នកចូលរួមជាយុវជនបង្ហាញពីការងាររបស់ពួកគេ ប្រាស្រ័យទាក់ទងគ្នា និងផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងទស្សនៈទាក់ទងនឹងបញ្ហាសង្គម និងនយោបាយក្នុងចំណោមពួកគេ ហើយកម្មវិធីនេះក៏ជាវេទិកាសម្រាប់យុវជនតស៊ូមតិ និងជជែកពិភាក្សា លើបញ្ហាគោលនយោបាយ អាទិភាព និងដំណោះស្រាយជាមួយអ្នកពាក់ព័ន្ធ ជាពិសេសអ្នកតាក់តែង និងអនុវត្តគោលនយោបាយ។”

        កម្មវិធីដែលមានរយៈពេលពេញមួយថ្ងៃ និងមានសកម្មភាពជាច្រើននេះ បានចាប់ផ្តើមជាមួយនឹងការតាំងបង្ហាញគម្រោងយុវជនឆ្នើមចំនួនប្រាំបួន ដែលផ្តោតលើការអប់រំ និងជំនាញ យេនឌ័រ សុខភាព បរិស្ថាន
ការចូលរួមរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសហគមន៍។

         បន្ទាប់ពីការតាំងបង្ហាញគម្រោង មានការរៀបចំជាការជជែកពិភាក្សាក្រោមប្រធានបទ៖ “ការចូលរួមរបស់យុវជន និងពលរដ្ឋ”។ វាគ្មិនមកពីស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងយុវជន បានជជែកពិភាក្សាអំពីអត្ថប្រយោជន៍ បញ្ហាប្រឈម និងឱកាសសម្រាប់ការចូលរួមរបស់យុវជនក្នុងកិច្ចការងារអភិវឌ្ឍន៍សង្គម និងនយោបាយនៅក្នុងប្រទេស ជាពិសេសនៅថ្នាក់មូលដ្ឋាន។ របៀបវារៈចុងក្រោយនាពេលព្រឹក គឺការពិភាក្សាតាមក្រុមចំនួនបួន សម្រាប់ឱ្យយុវជន និងអ្នកជំនាញ ពិភាក្សាលម្អិតអំពីប្រធានបទជាក់លាក់ដូចជា សុខភាពផ្លូវចិត្ត ការអប់រំ និងការងារ ស្ត្រី និងបច្ចេកវិទ្យា និងយុវជន និងបរិស្ថាន។

    ​ កម្មវិធីនាពេលរសៀលបានចាប់ផ្តើមជាមួយនឹងវេទិកាពិភាក្សាក្រោមប្រធានបទ៖ “យុវជន និងសិល្បៈ” ហើយក៏មានការសម្ដែងតន្រ្តីបែបបុរាណផងដែរ។ បន្ទាប់ពីនេះ មានការធ្វើបទបង្ហាញបំផុសគំនិត ដែលក្នុងនោះយុវជនជាអ្នកដឹកនាំក្នុងសង្គម បានចែករំលែកបទពិសោធន៍ និងដំបូន្មានរបស់ពួកគេ ជាមួយអ្នកចូលរួមជា
យុវជនដូចគ្នា ក្នុង​គោល​បំណង​ជំរុញ ​និងបំផុសស្មារតី​យុវជន​ដទៃ​ទៀត​ឱ្យ​មានគំនិត​វិជ្ជមាន មើលឃើញ​ឱកាស និង​ចូលរួម​ចំណែក​ក្នុងការអភិវឌ្ឍ​សហគមន៍​របស់​ពួកគេ។ វេទិកាយុវជននេះបានបញ្ចប់ជាមួយនឹងការប្រកាសជ័យលាភីគម្រោងយុវជនដែលលេចឆ្លោ និងមានប្រជាប្រិយភាពបំផុត ដែលបានដាក់តាំងបង្ហាញក្នុងវេទិកាយុវជននេះ។ គម្រោងលេចធ្លោចំនួនបី បានទទួលរង្វាន់ជាថវិកាសម្រាប់ឱ្យយុវជនបន្តអនុវត្តគម្រោងផ្តួច​ផ្តើមរបស់ពួកគេនាពេលអនាគត។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា
(៨៥៥) ០៨៩ ៩៧២ ៦២០, piseypech@ticambodia.org

###

ទាញយកសេចក្ដីថ្លែងការណ៍ព័ត៌មាន វេទិកាយុវជនថ្នាក់ជាតិឆ្នាំ២០២២