គោលបំណងទី៥៖ ផ្ដល់ជាភស្ដុតាងដែលផ្អែកលើលទ្ធផលនៃការសិក្សា និងស្រាវជ្រាវទៅលើប្រធានបទផ្សេងៗដែលពាក់ព័ន្ធនឹងអំពើពុករលួយ និងធ្វើការឆ្លើយតបយ៉ាងច្បាស់លាស់ចំពោះករណីអំពើពុករលួយដែលកំពុងកើនឡើង ឬករណីរំលោភបំពានអំណាចជាដើម ហើយអង្គការតម្លា ភាពកម្ពុជាជឿថាមានភាពចាំបាច់ក្នុងការធ្វើអន្តរាគមន៍របស់ខ្លួននៅក្នុងការងារនេះ។
អំពើពុករលួយ គឺជាបញ្ហាស្មុគស្មាញដែលភាគច្រើនមានការភ័ន្តច្រឡំ និងមានភាពអាថ៌កំបាំងទៀតផង។ ចំណេះដឹង គឺជាគន្លឹះសំខាន់ក្នុងការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ខណៈពេលដែលអំពើពុករលួយនៅក្នុងប្រទេសកម្ពុជាត្រូវបានគេយកយកចិត្តទុកដាក់ច្រើនជាងមុន ការសិក្សាស្រាវជ្រាវដែលមានលក្ខណៈទូលំទូលាយ និងប្រកបដោយគុណភាពក៏ចាំបាច់ត្រូវតែមានដើម្បីបង្កើនការយល់ដឹងអំពីបញ្ហាទាំងនោះ បង្កើនការជជែកពិភាក្សាផ្ដល់ព័ត៌មាន និងជួយឱ្យសង្គមស៊ីវិលកំណត់វិធីសាស្ត្រចំគោលដៅក្នុងការដោះស្រាយបញ្ហាអំពើពុករលួយ និងបង្កើត គោលនយោបាយប្រយុទ្ធប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាព។
ការវាយតម្លៃប្រព័ន្ធសុចរិតភាពថ្នាក់ជាតិ
ការសិក្សានេះត្រូវបានផ្សព្វផ្សាយនៅខែកញ្ញា ឆ្នាំ២០១៤ បន្ទាប់ពីការធ្វើការសិក្សាស្រាវជ្រាវ និងពិភាក្សាផ្ដល់យោបល់អស់រយៈពេល២ឆ្នាំ។ ការវាយ តម្លៃប្រព័ន្ធសុចរិតភាពថ្នាក់ជាតិឆ្នាំ២០១៤របស់អង្គការតម្លាភាពកម្ពុជា គឺជាការសិក្សាដែលមានលក្ខណៈទូលំទូលាយលើកដំបូងទៅលើវិសាលភាព និងមូលហេតុចម្បងនៃអំពើពុករលួយ ព្រមទាំងបានវាយតម្លៃទៅលើស្ថាប័នគ្រឹះចំនួន១៣។ ការសិក្សានេះផ្ដល់នូវការវិនិច្ឆ័យពេញលេញ ចំពោះ ស្ថានភាពប្រព័ន្ធសុចរិតភាពថ្នាក់ជាតិនៅក្នុងកម្ពុជា។ ការសិក្សានេះបង្ហាញថាប្រព័ន្ធអភិបាលកិច្ចរបស់កម្ពុជាទាំងមូលមានភាពទន់ខ្សោយ។ ស្ថាប័ន តុលាការធ្វើការងារក្រោមឥទ្ធិពលនយោបាយ និងមជ្ឍដ្ឋានខាងក្រៅ ថែមទាំងងាយកើតមានអំពើពុករលួយទៀតផង វាគឺជាស្ថាប័នដែលទន់ខ្សោយ បំផុត ហើយបន្ទាប់មកគឺទីភ្នាក់ងារអនុវត្តន៍ច្បាប់។
អង្គការតម្លាភាពកម្ពុជាបានរៀបចំអនុសាសន៍គោលនយោបាយគន្លឹះមួយចំនួនដោយផ្អែកលើលទ្ធផលសិក្សាស្រាវជ្រាវនេះដូចជា៖ ការស្វែងរកការចូលរួមពីរដ្ឋាភិបាល ម្ចាស់ជំនួញ និងសង្គមស៊ីវិលដើម្បីជំរុញឱ្យមានកំណែទម្រង់ចាំបាច់ទៅលើស្ថាប័នតុលាការ ច្បាប់ប្រឆាំងអំពើ ពុករលួយ និងវិស័យសាធារណៈ ព្រមទាំងការអនុវត្តច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានផងដែរ។
បណ្ណាល័យអ៊ីនធឺណិត
អង្គការតម្លាភាពកម្ពុជាបានប្រមូល និងចងក្រងការសិក្សាស្រាវជ្រាវនានាដែលពាក់ព័ន្ធនឹងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។ ហើយបច្ចុប្បន្ននេះ គេហទំព័ររបស់យើងមានបណ្ណាល័យមួយដែលអាចឱ្យអ្នកទទួលបានប្រភពឯកសារផ្សេងៗទាក់ទិននឹងបញ្ហាអំពើពុករលួយ។ បណ្ណាល័យ អ៊ីនធឺ ណិតនេះបានដើរតួនាទីជាមជ្ឈមណ្ឌលធនធានឯកសារមួយសម្រាប់អ្នកដែលស្វែងរកព័ត៌មានអំពីបញ្ហាអំពើពុករលួយ និងការប្រយុទ្ធប្រឆាំងអំពើ ពុករលួយនៅកម្ពុជា។