តួនាទី និងសិទ្ធិរបស់យុជនក្នុងការចូលរួមអភិវឌ្ឍសង្គម ដោយក្រុម ចង់ដឹង
កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមយុវជនយុវនុវត្តន៍ បានដឹកនាំគម្រោង ចង់ដឹង លើកទី៤ ទៅកាន់ខេត្តមណ្ឌលគិរី ក្នុងគម្រោងនេះក្រុមយុវជនយុវនុវត្តន៍បានរៀបចំនូវវគ្គបណ្តុះបណ្តាលចំនួន ២ នៅទីតាំងផ្សេងគ្នាក្រោមមូលបទ «តួនាទី និងសិទ្ធិរបស់យុជនក្នុងការចូលរួមអភិវឌ្ឍសង្គម» នៅក្នុងអនុវិទ្យាល័យអូប្លាយ ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីនិងនៅភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលក្នុងនោះសិស្សានុសិស្សចូលរួមទាំង២វគ្គនេះមានចំនួន៤០នាក់ ស្រី២៤នាក់ ក្រោមការគាំទ្រជ្រោមជ្រែងរបស់លោកមេភូមិ និងលោកនាយកអនុវិទ្យាល័យផ្ទាល់ផងដែរ។
គោលបំណងនៃការផ្តល់វគ្គបណ្តុះបណ្តាលនេះ គឺផ្តោតសំខាន់លើការជម្រុញ លើកកម្ពស់ការអប់រំ តួនាទី និងសិទ្ធិរបស់យុវជនក្នុងការចូលរួមកិច្ចការងារសង្គមនិងជាពិសេសលើកទឹកចិត្តយុវជនក្នុងការងារសង្គម។ នៅក្នុងវគ្គបណ្តុះបណ្តាលនាពេលព្រឹកនេះផងដែរក្រុមយុវជនបានរៀបចំតាមរបៀបវារៈដែលបានសកម្មភាពចំនួន៣ធំៗ រួមមាន ជាកិច្ចពិភាក្សាសំណេះសំណាលក្រោមមូលបទ “ តួនាទីនិងសិទ្ធិរបស់យុវជនក្នុងការចូលរួមអភិវឌ្ឍសង្គម” វគ្គចែករំលែកចំណេះដឹងអំពីអក្ខរកម្មឌីជីថល និងការចូលរួមរបស់ពលរដ្ឋនិងវគ្គបណ្តុះបណ្តាលអំពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយទៅកាន់អ្នកចូលរួមផងដែរ។ នាពេលរសៀលក៏ស្រដៀងនឹងពេលព្រឹកដែរដោយយើងមានវគ្គបណ្តុះបណ្តាលអំពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ វគ្គចែករំលែកចំណេះដឹងអំពីអក្ខរកម្មឌីជីថលនិងការចែករំលែកនូវព័ត៌មាន ឱកាស បទពិសោធន៍របស់ពួកគាត់ក្នុងការចូលរួមកិច្ចការងារសង្គមផងដែរ។
ជាលទ្ធផលនៃវគ្គបណ្តុះបណ្តាលទាំងពីរ យុវជនដែលបានចូលរួមក្នុងវគ្គចែករំលែករបស់យើងបានបង្ហាញនូវឆន្ទៈនិងមនសិកា ក៏ដូចជាបានពង្រឹងចំណេះដឹងរបស់ខ្លួនបន្ថែមអំពីប្រធានបទនិងបង្ហាញនូវភាពក្លាហានក្នុងការទទួលយកចំណេះដឹងថ្មីបន្ថែមដើម្បីអភិវឌ្ឍចំណេះដឹងនិងជំនាញសម្រាប់ពួកគេ។
គម្រោងមួយនេះអាចអនុវត្តទៅបានដោយជោគជ័យក្រោមការគាំទ្រពីគម្រោងត្រិះរិះ របស់អង្គការតម្លាភាពកម្ពុជា។
This post is also available in: អង់គ្លេស