អំពើពុករលួយ និងផលប៉ះពាល់ដល់ជីវភាពគ្រួសារ៖ ការស្ទង់មតិគ្រួសារលក្ខណៈបរិមាណ ស្ដីពី ទស្សនៈ/ការយល់ឃើញ ឥរិយាបថ និងផលប៉ះពាល់នៃការប្រព្រឹត្តអំពើពុករលួយតាមទម្រង់ផ្សេងៗទៅលើជីវភាពប្រចាំថ្ងៃនៅកម្ពុជា ឆ្នាំ២០១០
លទ្ធផលនៃការស្ទង់មតិនេះបង្ហាញនូវសញ្ញាវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា។ ទស្សនៈ/ការយល់ឃើញទៅលើសេវាសាធារណៈ និងសុចរិតភាពនៃការបម្រើសេវាសាធារណៈ និងស្ថាប័ននយោបាយនានានៅកម្ពុជាមានភាពប្រសើរឡើង បើប្រៀបធៀបទៅនឹងការស្ទង់មតិឆ្នាំ២០០៥។ ជាពិសេស មានការផ្លាស់ប្ដូរឥរិយាបថឱ្យកត់សម្គាល់ចំពោះការផ្ដល់សេវាសាធារណៈមានដូចជា៖ សុខភាព អប់រំ ការចុះបញ្ជីសាធារណៈ និងការផ្ដល់អាជ្ញាបណ្ណធុរកិច្ច។ សូម្បីតែការយល់ឃើញចំពោះមន្ត្រីប៉ូលីស និងមន្ត្រីយុត្តិធម៌ដែលត្រូវបានផ្ដល់ពិន្ទុទាបបំផុតក្នុងការស្ទង់មតិលើកមុននោះ ក៏មានលក្ខណៈប្រសើរឡើងផងដែរ។